អភិបាលខេត្តកំពង់ធំគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំមប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ
AKP កំពង់ធំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- តាមបណ្ដាញប្រព័ន្ធសង្គមfacebook កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលើកយកបញ្ហាប្រាសាទតាមាន់នធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិICJ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងក្នុងបណ្ដាញសង្គមថា តាងនាមមន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ធំ យើងខ្ញុំសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ចំណាត់ការរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ប្រកបដោយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ សំដៅធានាឱ្យបាននូវការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះអង្គសមាជ ដែលបានអនុម័តដោយសំឡេង១៨២ លើ១៨២ ទៅលើសេចក្តីថ្លែងការណ៍របស់សមាជ គាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការលើកករណីវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ។
បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនឹងបន្តរក្សាភាពស្ងៀមស្ងាត់ និងផ្តល់ជំនឿទុកចិត្តខ្ពស់គ្រប់កាលៈទេសៈលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី៕
ដោយ ស៊ុម វណ្ណា





