ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តកែប រួមគ្នាលើកកម្ពស់សុខភាពសិក្សា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- យោងតាមផែនការសកម្មភាពស្តីពីការលើកម្ពស់សុខភាពសិក្សា និងគោលការណ៍សាលារៀនមួយជាតំបន់សុខដុមមួយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរសុខាភិបាលខេត្តកែប និងផ្នែកពាក់ព័ន្ធ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពីការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ហានិភ័យបង្កដោយការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ផលិតផលថ្នាំជក់/បារីអេឡិចត្រូនិក ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍។

ក្នុងសិក្ខាសាលានេះលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកចំណេះដឹង និងបំណិនជូនដល់គ្រូបង្រៀន និងសិស្សមធ្យមសិក្សាចំនួន២៤០នាក់ (ស្រី១២០នាក់) មកពីគ្រឹះស្ថានសិក្សាចំនួន៦ក្នុងខេត្តកែប សម្រាប់យកទៅអប់រំផ្សព្វផ្សាយបន្តដល់មិត្តក្នុងសាលា និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

សូមជម្រាបថា សម្រាប់សិក្ខាសាលាស្តីពីការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ហានិភ័យបង្កដោយការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ផលិតផលថ្នាំជក់/បារីអេឡិចត្រូនិក ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍នេះវាគ្មិនសំខាន់ៗបានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ និងបច្ចេកទេសល្អៗក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពនៅលើដងផ្លូវ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅចូលរួមទាំងអស់គ្នា ក្នុងគោលបំណងឱ្យអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោលសម្រាប់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)





