ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាប ត្រូវបានទទួលស្វាគមន៍ពីថ្នាក់ដឹកនាំកម្ពុជា
AKP សៀមរាប ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥–Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារទី០៣ ខែមិថុនា ឆ្នាំ២០២៥។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដែលជើងហោះហើរថ្មីនេះធ្វើការតភ្ជាប់រវាងទីក្រុងឌូបៃ ទីក្រុងបាងកក និងទីក្រុងភ្នំពេញ ពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅប្រទេសកម្ពុជាទៅដល់១០ ជើងក្នុងមួយសប្តាហ៍។

យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធមដោយគណៈប្រតិភូកម្ពុជាស្វាគមន៍ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ឯកឧត្ដម កាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក Jaber AlShehhiប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចនៃស្ថានទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប ក៏បានចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

ជាមួយគ្នានេះដែរ គណៈប្រតិភូជាន់ខ្ពស់ត្រូវបានដឹកនាំដោយលោក Nabil Sultan, Executive Vice President, Passenger Sales and Country Management សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Orhan Abbas, Senior Vice President for Commercial Operations in the Far East សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates, លោក Abdulla Alkhallafi, Vice President, Cargo Commercial, Far East and Australasia សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងលោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា៖ «ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន»។

លោក Nabil Sultan, Executive Vice President, Passenger Sales and Country Management របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានលើកឡើងថា កាលពីមួយឆ្នាំមុន យើងបានបន្តការហោះហើរទៅកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាជាថ្មីម្ដងទៀត ហើយនៅថ្ងៃនេះ យើងបានបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មី ដោយបន្ថែមទៅលើបណ្តាញហោះហើរនៅតំបន់អាស៊ីអាគ្នេយ៍របស់យើងដែលកំពុងតែមានការរីកចម្រើន។ លោកបានថ្លែងបញ្ជាក់ថា ជើងហោះហើរថ្មីនេះ បង្ហាញសារជាថ្មីនូវភាពសម្បូរបែបផ្នែកវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលសមស្របជាមួយយុទ្ធសាស្ត្រកំណើនរបស់យើងសម្រាប់តំបន់នេះ។ លោកបានបញ្ជាក់បន្ថែមថា៖ «យើងមានទំនុកចិត្តថាផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែម នូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោកនិងជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)។ យើងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា ព្រមទាំងស្ថាប័នទេសចរណ៍ទាំងអស់សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។ យើងក៏ទន្ទឹងរង់ចាំអបអរសាទរភាពជោគជ័យនៃផ្លូវហោះហើរថ្មីនេះជាមួយដៃគូជាច្រើន ខណៈពេលដែលយើងចាប់ផ្តើមភ្ជាប់អ្នកដំណើរពីបណ្តាញហោះហើរសកលរបស់យើងទៅកាន់គោលដៅថ្មីដ៏គួរឱ្យទាក់ទាញនេះ។»

ចំណែក លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emiratesបានឱ្យដឹងដែរថាដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។ លោកបានអះអាងថា៖ «ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើង ទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ហើយគ្មានវិធីណាល្អប្រសើរជាងនេះដើម្បីអបអរសាទរខួបលើកទីមួយនៃជើងហោះហើរនេះ ក្រៅពីការបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មីនៅប្រទេសកម្ពុជានោះទេ។ យើងមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន»។

សូមជម្រាបជូនថា ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្តសៀមរាបត្រូវបានកំណត់ពេលវេលាយ៉ាងល្អប្រសើរ ក្នុងគោលបំណងផ្តល់ជូនអ្នកធ្វើដំណើរកម្សាន្តពីទីផ្សារអឺរ៉ុបសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្គាល់ និងប្រទេសរុស្ស៊ី នូវការតភ្ជាប់តាមរយៈប្រតិបត្តិការប្រចាំថ្ងៃជាច្រើន។ ជើងហោះហើរថ្មីនេះ បំពេញបន្ថែមការហោះហើរប្រចាំថ្ងៃដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ទីក្រុងភ្នំពេញឆ្លងកាត់តាមប្រទេសសិង្ហបុរី ដោយផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅមកប្រទេសកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចេញដំណើរពីទីក្រុងឌូបៃនៅម៉ោង ០៩៖០០ ហើយមកដល់ទីក្រុងបាងកកនៅម៉ោង ១៨៖២៥។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០៖១០ និងមកដល់ខេត្ដសៀមរាបនៅម៉ោង ២១៖៣០ ហើយជើងហោះហើរត្រឡប់ទៅវិញ EK371 នឹងចេញដំណើរពី SAI ទៅ BKK នៅម៉ោង ២៣៖៥០ និងមកដល់ទីក្រុងបាងកកនៅម៉ោង ០១៖១០។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរនៅម៉ោង ០៣៖៤០ ហើយនឹងមកដល់ទីក្រុងឌូបៃនៅម៉ោង ០៦៖៥០ ខណៈពេលវេលាហោះហើរទាំងអស់នេះ គឺជាពេលវេលាក្នុងស្រុក៕
ដោយ៖ រិទ្ធី, ប្រភព៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates





