ស្ថានភាពច្រកព្រំដែននានាក្នុងខេត្តបាត់ដំបង និងប្រទេសថៃដំណើរការប្រក្រតី
AKP បាត់ដំបង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- សភាពការណ៍ព្រំដែនដែលចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ដែលភាគីថៃបានលបវាយឆ្មក់ មកលើកងទ័ពកម្ពុជានៅក្នុងខេត្តព្រះវិហារ បានបង្កឱ្យមានភាពវឹកវរ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងមានពាក្យចចាមអារ៉ាមថានឹងមានការបិទច្រកទ្វារព្រំដែនទាំងអស់ នោះគេមិនទាន់ឃើញមានការប្រែប្រួលយ៉ាងណានៅឡើយទេ។ បើតាមមន្រ្តីច្រកទ្វារព្រំដែនខេត្តបាត់ដំបងជាប់ជាមួយប្រទេសថៃបានឱ្យដឹងថា មកទល់ព្រឹកព្រលឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពភាពតាមច្រកទ្វារព្រំដែននៅខេត្តបាត់ដំបងមានដំណើរការធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។

លោក ណាត ចាន់រ៉េត ប្រធានស្នាក់ការច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា ទំនាក់ទំនងខ្មែរថៃ ការចរាចរទំនិញ និងប្រជាពលរដ្ឋចេញចូលធម្មតា ដូចរាល់ដង មិនមានការប្រែប្រួលនោះឡើយ។

លោកបានបន្ថែមថា «ទំនិញ ឬ កសិផលខ្មែរដូចជា ដំឡូងមីចេញចូលធម្មតា ហើយតាមការសាកសួរប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ គាត់ថាមិនមានការរឹតបន្តឹងឬសួរនាំតាមផ្លូវពីតម្រួតថៃ ឬមន្រ្តីឈរជើងតាម ច្រកទ្វារនោះទេ គឺចេញចូលធម្មតា»។ សភាពការណ៍យោធាតាមព្រំដែនរវាងស្រុកសំពៅលូនមានសភាពស្ងប់ស្ងាត់ ភាគីថៃមិនមានការ បន្ថែមកម្លាំងឬចល័តទ័ពអ្វីនោះទេ។

ដោយឡែក លោក ខុង យ៉ាត់លួង ប្រធានស្នាក់ការច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ថា ស្ថានភាពចេញចូលទំនិញប្រជាពលរដ្ឋ នៅព្រំដែនច្រកទ្វារអន្តរជាតិដូងមានសភាពធម្មតា មិនមានអ្វី ប្រែប្រួលនោះទេទាំងការទំនងទំនងការចេញចូល និងកម្លាំងយោធា ប៉ុន្តែកាលពីថ្ងៃទី០២ ខែមិថុនា មានខ្សែរាជវង្សថៃមកកន្លែងទីលានវាយកូនហ្គោល ខាងទឹកដីថៃនៅខេត្តចាន់បូរី ទល់មុខខេត្តបាត់ដំបងដែលយើងកត់សម្គាល់ឃើញមានអង្គរក្ស និងទាហានច្រើនមកហែរហមការពារ សន្តិសុខ ប៉ុន្តែថ្ងៃទី០៣ ខែមិថុនា រាជវង្សថៃបានទៅកន្លែងវាយកូនហ្គោលខេត្តស្រះកែវវិញ ហើយកម្លាំងទាហាន និងអង្គរក្សដកទៅស្ងាត់ធម្មតាវិញហើយ ដើម្បីទៅតាមរក្សាសន្តិសុខទីនោះទៀត ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានច្រកអន្តរជាតិចំនួនពីរ គឺច្រកអន្តរជាតិដូងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងមានច្រកទ្វារតំបន់ចំនួន៣ទៀត ដែលជាប់ជាមួយប្រទេសថៃ មានច្រកទ្វារតំបន់៤០០ ស្រុកសំឡូត ច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ(អូរអន្លក់) ស្រុកកំរៀង និងច្រកទ្វារតំបន់អូរអន្លក់ស្រុកភ្នំព្រឹក៕

ដោយ សុផល





