ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុង ១ខ្សែតភ្ជាប់ពីស្រុកសន្ទុក ទៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អមដំណើរជាមួយមន្ត្រីជំនាញកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុង១ខ្សែប្រវែង៣,៧ គីឡូម៉ែត្រ ក្នុងនោះមានសំណង់សិល្បការចំនួន៤កន្លែងតភ្ជាប់ពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទៅកាន់ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឆ្លងកាត់ស្ទឹងជីនិតដែលមានស្ពានថ្មប្រវែង៧២ម៉ែត្រទទឹង៨ ម៉ែត្រ,លូប្រអប់ចំនួន០៣ និងលូមូល០១។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ដោយតភ្ជាប់គ្នារវាងស្រុកសន្ទុក និងស្រុកបារាយណ៍។ ក្រោយបញ្ចប់ការសាងសង់ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារក្នុងមូលដ្ឋាននិងតំបន់ជុំវិញជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះឱ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែលផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាននិងបានសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈសូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាកុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕



ដោយ ស៊ុម វណ្ណា





