គ្រូបង្គោលថ្នាក់ខេត្តចំនួន១៧រូប ធ្វើទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌូនេស៊ី ដើម្បីអនុវត្តវារីវប្បកម្មប្រកបដោយភាពច្នៃប្រឌិត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- គ្រូបង្គោលថ្នាក់ខេត្តចំនួន១៧រូប មកពីខេត្តចំនួន១០ និងមន្ត្រីរដ្ឋាភិបាលចំនួន ១០រូប មកពីរដ្ឋបាលជលផល កំពុងស្ថិតនៅទីក្រុង Riau និង West Sumatera នៃប្រទេសឥណ្ឌូនេស៊ីក្នុងដំណើរទស្សនកិច្ចសិក្សា «ការអនុវត្តវារីវប្បកម្មប្រកបដោយភាពច្នៃប្រឌិត ចាប់ពីដំណាក់កាលបង្កាត់ភ្ញាស់រហូតដល់ការកែច្នៃ»។ ទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការគាំទ្ររបស់កម្មវិធី CaPFish Aquaculture។

មន្រ្តីអង្គការ Capfish-Aquaculture បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺ ដើម្បីបង្កើនចំណេះដឹងបច្ចេកទេសលើវិស័យផ្សេងៗ រួមទាំងការគ្រប់គ្រងកន្លែងបង្កាត់ភ្ញាស់ ការចិញ្ចឹមត្រី និងការត្រួតពិនិត្យគុណភាពទឹក។ អ្នកចូលរួមក៏អាចឈ្វេងយល់ពីប្រព័ន្ធបង្កើតថ្មីសម្រាប់ការចិញ្ចឹមប្រភេទដូចជា ត្រីប្រា ត្រីទីឡាព្យា បង្គា និងបង្កងអូស្រ្តាលី (crayfish)។ លើសពីនេះ ពួកគេក៏សិក្សាផងដែរអំពីគំរូកសិកម្មចិញ្ចឹមត្រីចម្រុះ និងការអភិវឌ្ឍភាពជាដៃគូជាមួយអ្នកផលិត និងក្រុមអ្នកជំនាញឥណ្ឌូនេស៊ី។

ការផ្លាស់ប្តូរបទពិសោធន៍នេះ កំពុងបំពាក់បំប៉នគ្រូបណ្តុះបណ្តាល និងក្រុមបច្ចេកទេសរបស់យើងជាមួយនឹងជំនាញថ្មីៗ គំនិតថ្មីៗ និងការយល់ដឹងជាក់ស្តែងដើម្បីអនុវត្តនៅតាមមូលដ្ឋាន សំដៅឆ្ពោះទៅរកវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ Capfish-Aquaculture)





