សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តម្លៃកសិផលត្រូវរក្សាតុល្យភាព រវាងអ្នកដាំដុះ និងអ្នកទិញហូប
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ការដោះស្រាយបញ្ហាតម្លៃកសិផលរវាងអ្នកដាំដុះ និងអ្នកទិញហូបជាចំណោទបញ្ហាមួយដែលរាជរដ្ឋាភិបាល ត្រូវតែគិតគូរឱ្យបានច្បាស់លាស់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ។ នេះជាការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងបទអន្តរាគមន៍ មុនបិទបញ្ចប់សមាជ រដ្ឋសភា ព្រឹទ្ធសភា នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានពន្យល់ពីការសម្របសម្រួលជាច្រើនដើម្បីឱ្យប្រជាកសិករយល់ដឹងពីផែនការក្នុងការបង្កើតសហគមន៍កសិកម្មទំនើប និងអត្ថប្រយោជន៍ ព្រមទាំងដំណោះស្រាយសម្រាប់កសិករ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានពន្យល់ពីការទទួលបានផលប្រយោជន៍យឹតយោងគ្នាទៅវិញទៅមករវាងអ្នកដាំដុះដំណាំ បន្លែបង្ការ និងអ្នកទិញទៅបរិភោគឱ្យមានតម្លៃរក្សាគ្នាបានដោយគូសបញ្ជាក់ថា«បើឱ្យប្រជាពលរដ្ឋទិញផលិតផលនៅក្នុងស្រុករបស់យើង ទាល់តែយើងធ្វើយ៉ាងណាឱ្យកសិកររបស់យើងមានភាពប្រកួតប្រជែង ព្រោះយើងត្រូវដោះស្រាយទាំងអ្នកហូបទាំងអ្នកផលិត សម្រាប់បក្សផ្សេង គេអាចស្រែក គេទៅជួបអ្នកហូប គេអាចស្រែកថា ផលិតផលថ្លៃ ចង់ឱ្យផលិតផលចុះ គេអាចទៅជួបអ្នកផលិតទៅប្រាប់ថា ធ្វើឱ្យអារបស់ហ្នឹងឡើងថ្លៃ តែសម្រាប់រាជរដ្ឋាភិបាល ត្រូវធានាតុល្យភាពទាំងអស់ ជីវភាពរបស់កសិករ និងជីវភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទិញហូប បើតម្លៃកសិផលថ្លៃ តម្លៃទំនិញថ្លៃ អ្នកទិញហូបដែលជាមន្ត្រីរាជការ អត់មានពេលទៅដាំប្រាកដជាចំណាយលុយកាន់តែច្រើនទៅលើអាហារហើយ»៕
ដោយ៖ គង់ សិរីរ័ត្ន





