ពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍តាំងបំពង់ (ខ្នងផ្សារ) និងតេទឹកពុះដើម្បីជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំពូមីង បងប្អូនប្រធានសហគមន៍ទេសចរណ៍តាំងបំពង់ (ខ្នងផ្សារ) សហគមន៍តេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីទទួលយកនូវព័ត៌មានផ្ទាល់ពីសហគមន៍ និងពិនិត្យពីសក្តានុពលនៃតំបន់ ព្រមទាំងជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ជាពិសេសមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្នុងនោះរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រមហាគ្រួសារទេសចរណ៍តែមួយក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅក្នុងសហគមន៍ឱ្យបានច្រើនប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរនៅក្នុងរដូវកាលបៃតងនេះ។


ក្នុងឱកាសនោះ លោក រស់ សុខ បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ទាំងពីររក្សាឱ្យបាននូវភាពស្អាត ដែលខ្មែរយើងមានតាំងពីយូរលង់មក ក្នុងនោះភាពស្អាតនៅក្នុងចិត្ត ដែលស្មោះត្រង់ មានការផ្តល់សេវាល្អ រួសរាយរាក់ទាក់ និងមានតម្លៃសមរម្យ។ លើសពីនេះមានភាពស្អាតក្រៅខ្លួន ដែលយើងរក្សាបានអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សម្អាតមូលដ្ឋាន ធ្វើឱ្យផ្ទះរបស់យើងស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងភាពស្អាតលើឆាកអន្តរជាតិ ធ្វើឱ្យសហគមន៍មានកិត្តិយសឧត្តុង្គឧត្តម ដែលអ្នកទេសចរបានផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍ និងការវិនិយោគដល់អន្តរជាតិ៕



ដោយ លឹម សាន្ត





