សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងសិក្សាការធ្វើប្រឡាយតភ្ជាប់ពីទន្លេមេគង្គលើ ទៅទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥--
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ក្នុងការសិក្សាអំពីការធ្វើប្រឡាយដោយតភ្ជាប់ពីទន្លេមេគង្គលើ ទៅទន្លេសាប។ ការថ្លែងរបស់ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា។

ក្នុងឱកាសនោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំ បានធ្វើការងារជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA សិក្សាអំពីការតភ្ជាប់ប្រឡាយតភ្ជាប់ពីទន្លេមេង្គលើ ទៅទន្លេសាប ដើម្បីភ្ជាប់ពីទន្លេមេង្គលើ ទៅស្ទឹងសែន ចាក់ទៅទន្លេសាប ដើម្បីធានាតុល្យភាពទឹក»។ សម្ដេចបវរធិបតីបន្ដថា បើមានលទ្ធភាព ទៅថ្ងៃខាងមុខ នឹងតភ្ជាប់ពីទន្លេសាប ទៅប៉ោយប៉ែត ថែមទៀតផង។

ទាក់ទងនឹងការគ្រប់គ្រងទឹកសម្ដេចបវរធិបតី គូសបញ្ជាក់បន្ថែមថា៖ «ថ្ងៃខាងមុខអាចមាន លទ្ធភាពភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកន្លែងមួយជិតប៉ោយប៉ែត ក្នុងការធានាដឹកជញ្ជូនរបស់យើង បើសិនព្រែកជីកហ្វូណនតេជោធ្វើហើយ ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកយើងកាន់តែសំខាន់»។
សម្ដេចបវរធិបតីបានលើកឡើងថា ប៉ុន្ដែពេលមួយជំហ៊ាននេះ គឺបានឱ្យសិក្សាមួយជំហ៊ានសិន អំពីបរិស្ថាន និងប្រព័ន្ធបច្ចេកទេស ធ្វើយ៉ាងអាចភ្ជាប់ទន្លេមេង្គលើពីខេត្តស្ទឹងត្រែង ចុះមកស្ទឹងសែន ប្រហែលជា ៧០គីឡូម៉ែត្រ បើសិនធ្វើកន្លែងនេះ អាចធានាបានតុល្យភាពទឹករវាងទន្លេមេង្គ និងទន្លេសាប ហើយអាចធានាដល់ប្រព័ន្ធធារាសាស្ដ្រ និងប្រព័ន្ធទឹកប្រើប្រាស់ នៅទូទាំងប្រទេស»៕
ដោយ៖ ប៊ុនរិទ្ធ





