សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាយុបាន២០ខែកន្លងទៅ ឆ្លងកាត់វិញ្ញាសាថ្មីៗ ប្លែកៗច្រើន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥--ឡើងកាន់តំណែងថ្មីអាណត្តិទី៧នេះ រាជរដ្ឋាភិបាលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបបញ្ហាប្រឈមធំៗជាបន្តបន្ទាប់ ដោយបញ្ហាក្នុងប្រទេស និងបញ្ហាដែលរងឥទ្ធិពលពីសាកលលោក។
ឧសគ្គរាំងស្ទះទាំងនេះបានបន្ស៊ាំកាន់តែខ្លាំងដល់ថ្នាក់ដឹកជំនាន់ថ្មី ឈាមថ្មីឱ្យកាន់តែមានភាពស្វាហាប់ រឹងមាំ បន្តដំណើរទៅមុខប្រកបដោយសក្ដានុពល។
ថ្លែងបន្ទាប់ពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាជជែកពិភាក្សាក្នុងសមាជបានចប់សព្វគ្រប់ នៅល្ងាចថ្ងៃទី០៣ មិថុនានេះ នៅវិមានរដ្ឋសភា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីបានឆ្លងកាត់ដំណាក់កាលនៃភាពមិនច្បាស់លាស់នូវស្ថានភាពសេដ្ឋកិច្ចដែលបន្សល់ទុកពីសម័យកូវីដ១៩ និងបញ្ហាអតិផរណានិងសង្រ្គាមផ្សេងៗ ដែលជះឥទ្ធិពលដល់វិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ ដែល២០ខែមុននេះគឺ ស្ថិតក្នុងភាពស្រពេចស្រពិលជាខ្លាំង។
វិញ្ញាសាមួយទៀតគឺថ្ងៃ១៨សីហា ឆ្នាំ២០២៤ ជាវិញ្ញាសាមួយទាក់ទងការថែរក្សាស្ថេរភាព សន្តិសុខប្រឈមទៅនឹងការប៉ុនប៉ងបង្ករការប្រឆាំងរដ្ឋាភិបាល តាមមធ្យោបាយហិង្សាក្រោមប្រធានបទពាក់ព័ន្ធនឹង CLV-DTA និងបញ្ហាប្រឈមជាមួយពន្ធសាកលសហរដ្ឋអាមេរិក។ ចំណែកឯបញ្ហាថ្មីដែលទើបនឹងកើតឡើងគឺការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងយោធាថៃនៅតាមព្រំដែន។
ការប្រឈមបញ្ហាជាបន្តបន្ទាប់ឥតដាច់នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា «២០ខែនេះប្រមូលផ្ដុំនូវវិញ្ញាសាប្លែកៗ ប៉ុន្តែវិញ្ញាសានេះ បានធ្វើឱ្យក្រុមថ្មីរបស់យើងទទួលបាននូវឱកាសដើម្បីប្រឈមនិងដោះស្រាយដើម្បីធានានូវការអភិវឌ្ឍបន្តទៀត កិច្ចការទាំងអស់នេះទោះបីមានបញ្ហាប្រឈមទាំងនេះ គឺយើងបានបន្តដំណើរទៅមុខដោយការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តបង្កើននូវសមិទ្ធផលថ្មីៗបន្ថែមទៀត»៕

ដោយ៖ គង់ សិរីរ័ត្ន





