កងកម្លាំងជំនាញជលផលខេត្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែននេសាទរបស់ខ្លួនក្នុងរដូវបិទនេសាទ
AKP កំពង់ចាម ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ដើម្បីការពារធនធានមច្ឆជាតិ កម្លាំងជំនាញខណ្ឌរដ្ឋបាលរដ្ឋបាលជលផលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចូលរួមដោយផ្ទាល់ពីឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្លាំងអធិកាដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទ ល្មើសជលផលបានចំនួន០២ករណី នៅចំណុចស្ទឹងជ្រៅ ក្នុងភូមិសាស្ត្រ ឃុំមៀនស្រុក ព្រៃឈរ ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែង ដែលចំណុចទី១បំផ្លាញ ចោលនូវឧករណ៍លូស្បៃមុងចំនួន១៦មាត់ របាំងស្បៃមុងប្រវែង៤៨០ម៉ែត្រ បង្គោលចម្រឹងចំនួន២៤០ដើម និងចាក់លែងត្រីចម្រុះទម្ងន់១០គីឡូក្រាម និងចំណុចទី០២ បំផ្លាញចោល នូវឧបករណ៍រ៉ាវចំនួន០៨មាត់ របាំងរ៉ាវប្រវែង៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៦០ដើម ចាក់លែងត្រីចម្រុះទម្ងន់០៦គីឡូក្រាម។

ឯកឧត្តម ទឹម បូរក្ស បានណែនាំដល់កម្លាំងទាំងអស់នៃជំនាញជលផល ត្រូវបន្តសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការចូលរួមបង្ក្រាបទប់ស្កាត់រាល់បទល្មើសនេសាទក្នុងដែនរបស់ខ្លួន ពិសេសក្នុងរដូវបិទនេសាទនេះដើម្បីការពារធនធានមច្ឆជាតិ សំដៅកំណើតមច្ឆជាតិ ព្រោះវាជាប្រភពយ៉ាងសំខាន់ ក្នុងការទ្រទ្រង់នូវសន្តិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ជីវភាពពលរដ្ធយើង ហើយដល់ប្រជាពលរដ្ធទាំងអស់ចូរនាំគ្នា ចូលរួមថែរក្សា សម្បត្តិធម្មជាតិ មច្ឆជាតិសូមកុំប្រព្រឹត្តបទល្មើសនេសាទណាដែលត្រូវហាមឃាត់ និងខុសច្បាប់ សំដៅនូវកំណើនមច្ឆជាតិក្នុងដែនធម្មជាតិ៕




ដោយ ឆាយ ម៉ុត





