មន្ទីរកសិកម្មខេត្តព្រះសីហនុបើកយុទ្ធនាការចុះចាក់ថ្នាំការពារជំងឺសារទឹកគោក្របីជូនប្រជាពលរដ្ឋនៅស្រុកកំពង់សីលា
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំ ភូមិ មន្ត្រីកសិកម្មឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់ថ្នាំការពារជំងឺសារទឹកដល់គោ ក្របី ជូនប្រជាពលរដ្ឋនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅថ្ងៃអង្គារទី០៣ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ការិយាល័យផលិតកម្ម និងបសុព្យាបាលចុះចាក់ថ្នាំការពារជំងឺសារទឹក អុជក្តាមគោ ក្របីជូនបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់នៅតាមក្រុង ស្រុកទូទាំងខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាឱ្យសុខភាពសត្វរបស់ប្រជាពលរដ្ឋមានសុខភាពល្អ ចៀសផុតពីជំងឺអុជក្តាម និងជំងឺសារទឹក។

ជាក់ស្តែងការចុះចាក់ថ្នាំការពារជំងឺសារទឹកជូនប្រជាកសិកនៅភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលានាពេលនេះ ជាលទ្ធផលបានចាក់ថ្នាំគោក្របីសរុបចំនួន១០៤ក្បាល ក្នុងនោះ៖ ១. គោសរុប១០២ក្បាល ២. ក្របី០២ក្បាល និង៣. ផ្តល់ថ្នាំជូនទៅភ្នាក់សុខភាពសត្វភូមិ និងមន្ត្រីកសិកម្មឃុំ ដើម្បីធ្វើការចាក់បន្តទៀត។

សូមបញ្ជាក់ថា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងបន្តចុះចាក់ថ្នាំបង្ការជំងឺសារទឹកជូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ក្នុងស្រុកកំពង់សិលាបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យសត្វមានសុខភាពល្អ រួចនឹងបន្តចុះចាក់ថ្នាំបង្ការជំងឺសារទឹកជូនប្រជាកសិករនៅស្រុកព្រៃនប់ នៅពេលខាងមុខបន្តទៀតផងដែរ៕


ដោយ ងូ សុមុនី





