អ្នកដាំទុរេននៅសំឡូតថា ឆ្នាំនេះទិន្នផលធ្លាក់ចុះ តែតម្លៃនៅដដែល
AKP បាត់ដំបង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- បច្ចុប្បន្នផ្លែទុរេនប្រចាំស្រុកសំឡូត មានឈ្មោះបោះសំឡេងដែលល្បីថាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាងទុរេននៅតំបន់ណាៗទាំងអស់ដោយសារតែជីជាតិដីក្រហមអំណោយផលល្អ ពូជល្អ និងការថែទាំជាលក្ខណៈធម្មជាតិ។ បច្ចុប្បន្ននៅលើទីផ្សារក្នុងក្រុងបាត់ដំបង គេសង្កេតឃើញមានការដាក់តាំងលក់ផ្លែទុរេនព្រោងព្រាតដោយមានទាំងការសរសេរដាក់ថា "ទុរេនសំឡូត" ក៏ប៉ុន្តែនៅឯចម្ការក្នុងស្រុកសំឡូតគឺមានទុរេនតិចតួចប៉ុណ្ណោះដែលត្រូវបានគេកាត់យកមកលក់នៅលើទីផ្សារក្រុងបាត់ដំបង និងនៅភ្នំពេញ។ ជាទូទៅទុរេននៅស្រុកសំឡូតឆ្នាំនេះទទួលបានទិន្នផលទាបហើយតម្លៃនៅដដែលដូចឆ្នាំមុន ហើយនៅដើមខែមិថុនានេះ ទុរេនមិនទាន់ទុំល្អនៅឡើយទេ។

អ្នកគ្រូ ឯក ពិសិទ្ធ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ប្រកបរបរជាគ្រូបង្រៀន និងកសិកម្មរួមផ្សំផង បានដាំសាវម៉ាវមួយចំនួន និងមានដើមទុរេននៅក្នុងចម្ការប្រមាណជិត១០០ដើម ដែលដំណាំនេះអ្នកគ្រូដាំជាលក្ខណៈគ្រួសារ។ សព្វថ្ងៃ ទោះបីជាអ្នកគ្រូជាប់បំពេញកាតព្វកិច្ចបង្រៀនសិស្ស ឯស្វាមីអ្នកគ្រូគឺជាមន្ត្រីប៉ូលីសក្នុងស្រុកសំឡូតក៏ដោយ ក៏គ្រួសាររបស់អ្នកស្រីខិតខំឆ្លៀតពេលដើម្បីធ្វើការដាំដុះដំណាំលើដីចម្ការដែលមានបន្តិចបន្តួចពិសេស គឺដំណាំទុរេនដែលផ្តល់ប្រាក់ចំណូលខ្ពស់។ យោងទៅលើទីតាំងភូមិសាស្ត្រអ្នកគ្រូផ្ដោតសំខាន់ទៅលើដំណាំសាវម៉ាវ និងដំណាំទុរេន។ កាលពីឆ្នាំមុន ទុរេនរបស់អ្នកគ្រូដែលមានប្រមាណជិត ១០០ ដើមនេះ គឺបានជួបគ្រោះរាំងស្ងួត និងក្តៅហួតហែង ធ្វើឱ្យដំណាំទុរេនរបស់អ្នកគ្រូ និងនៅចម្ការកសិករផ្សេងៗទៀតធ្លាក់ទិន្នផល ក្នុងមួយឆ្នាំកន្លងទៅ អ្នកគ្រូប្រមូលបានប្រហែល៣០តោនប៉ុណ្ណោះ រីឯតម្លៃលើទីផ្សារក៏ដូចជាតម្លៃដែលលក់នៅក្នុងចម្ការផ្ទាល់ក៏មិនខុសពីឆ្នាំនេះដែរ គឺផ្លែទុំដើមរដូវលក់បានចន្លោះពី២០០០០ ទៅ២៥០០០រៀលក្នុង១គីឡូក្រាម។ ឆ្នាំនេះអ្នកគ្រូរំពឹងថាអាចនឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន និងតម្លៃល្អជាងមុន។ ផ្ទុយទៅវិញ ការរំពឹងគិតទុកជាមុននេះខកបំណងដោយសារតែខណៈពេលដែលដើមទុរេនកំពុងចេញផ្កា ក៏ស្រាប់តែមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃធ្វើឱ្យផ្កាទុរេនបាក់ធ្លាក់ខូចខាតជាច្រើនដើម។

អ្នកគ្រូបានសង្កត់ធ្ងន់ថា នៅពេលទុរេនផ្លែដើមដៃគឺតម្លៃអាចលក់បានចាប់ពី២២.០០០ ដល់ ២៥.០០០រៀល ហើយតទៅមុខតម្លៃអាចនឹងធ្លាក់ជាបណ្ដើរៗដោយសារផ្លែទុរេនទុំស្រុះគ្នា ពិសេសគឺនៅកំឡុងថ្ងៃទី០៨ ខែមិថុនាខាងមុខនេះ អ្នកដែលមានចម្ការទុរេននឹងត្រូវចាប់ផ្ដើមប្រមូលផលព្រមៗគ្នាហើយ។ ដូច្នេះតម្លៃអាចនឹងចុះមកនៅក្រោម២០០០០រៀលក្នុង១គីឡូក្រាម ការធ្លាក់ថ្លៃនេះមិនយូរទេ អាចមានរយៈពេលប្រមាណជាងមួយសប្តាហ៍ប៉ុណ្ណោះ នោះតម្លៃនឹងឡើងមកវិញ។

លោក ឈន ហ៊ាង កសិករនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត បានប្រាប់ឱ្យដឹងថា ការដាំទុរេនត្រូវការថែទាំហ្មត់ចត់ណាស់ពិសេសគឺការស្រោចទឹកដោយប្រើម៉ាស៊ីនបូមយ៉ាងយូរមួយសប្តាហ៍ម្តង ត្រូវចាយទុនច្រើន ដូច្នេះអ្នកខ្លះត្រូវខ្ចីធនាគារធ្វើទុន បើតម្លៃមិនល្អផលតិចគឺជំពាក់ធនាគារហើយ។

អ្នកគ្រូ ឯក ពិសិទ្ធ បានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមទុរេនជាច្រើនប្រភេទ គឺមានតែពូជម៉ាន់ថងប៉ុណ្ណោះ ដែលគេនិយមទទួលទាន ព្រោះវាមានសាច់រឹងក្រអូបផ្អែមឆ្ងាញ់ល្អ ពេលឈ្មួញឬអ្នកទិញចុះទៅដល់ចម្ការ ដើម្បីរកទិញទុរេនញ៉ាំគឺពួកគាត់តែងតែសួររកពូជម៉ាន់ថង។ ដោយឡែកទិន្នផលទុរេនរបស់អ្នកដាំនៅសំឡូតឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរគឺធ្លាក់ចុះដោយសារតែគ្រោះធម្មជាតិតែតម្លៃនៅដដែល៕

ដោយ សុផល





