អង្គការ WWF និងPSE រៀបចំការជួបជុំ និងចែករំលែកចំណេះដឹងអំពីបរិស្ថាន និងការងារអភិរក្សជាមួយសិស្ស និងនិស្សិត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ក្នុងឱកាសប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ អង្គការ WWF-កម្ពុជា បានសហការជាមួយអង្គការ Pour un Sourire d'Enfant (PSE) រៀបចំការជួបជុំ និងចែករំលែកចំណេះដឹងអំពីបរិស្ថាន និងការងារអភិរក្សជាមួយសិស្ស និងនិស្សិតប្រមាណ១៤០នាក់។

ប្រភពពីអង្គការ WWF បានឱ្យនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ថា តាមរយៈការចូលរួមឆ្លើយសំណួរ ការពិភាក្សា អង្គការ WWF សង្កេតឃើញថា សិស្សានុសិស្ស និស្សិតទាំងអស់បានស្វែងយល់ពីសារៈសំខាន់ៗនៃការការពារសត្វព្រៃរបស់យើង ក៏ដូចជាការងារអភិរក្សព្រៃឈើ និងការរស់នៅប្រកបដោយនិរន្តរភាព។ នៅក្នុងកម្មវិធីនេះដែរ អ្នកចូលរួមទាំងអស់បានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ហើយធ្វើការឆ្លុះបញ្ជាំងអំពីជម្រើសប្រចាំថ្ងៃរបស់គេម្នាក់ៗដែលអាចជះឥទ្ធិពលលើភពផែនដីរបស់យើង។

ជាលទ្ធផល សិស្សានុសិស្ស និស្សិត បានចុះហត្ថលេខា និងធ្វើការប្តេជ្ញាចិត្តផ្លាស់ប្តូរទម្លាប់អវិជ្ជមានប្រចាំថ្ងៃ និងសន្យាចែករំលែកទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ៕

ដោយ ណយ នឿន (ប្រភព៖ WWF)





