៤ខែដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង២០០លើកធៀបនឹងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៨៨៦លើក។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។ ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា បទល្មើសឧក្រិដ្ឋបានថយចុះចំនួន២៩លើក និងបទល្មើសមជ្ឈិមបានថយចុះចំនួន២៣៧លើក។

លោក ទូច សុឃៈ បានឱ្យដឹងទៀតថា បទល្មើសថយចុះទាំងនោះមានជាអាទិ៍ ករណីលួចមានស្ថានទម្ងន់ រំលោភសេពសន្ថវៈ បង្ខាំមនុស្សជំរិតទារប្រាក់ លួច ឆក់ មនុស្សឃាតដោយអចេតនា អំពើហិង្សាក្នុងគ្រួសារ ឆបោក រំលោភលើទំនុកចិត្ត និងប្រើអាវុធខុសច្បាប់ជាដើម។
លោកបានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព គឺជាទិសដៅ១ ក្នុងចំណោមទិសដៅអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដៅបង្កើនការយកចិត្តទុកដាក់អនុវត្តន៍ចាប់ពីដើមនីតិកាលទី៧មក ហើយថាក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានជំរុញ និងតាមដានជាប់ជាប្រចាំនូវចលនាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





