សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញគោលនយោបាយសាមញ្ញៗ៤ចំណុចដែលជួយជំរុញវិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ក្នុងបទអន្តរាគមន៍ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ មិថុនានេះ នៅវិមានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញគោលនយោបាយសាមញ្ញៗបំផុតចំនួន៤ចំណុច ដែលអាចជួយជំរុញវិស័យកសិកម្ម ឱ្យមានសន្ទុះបន្ថែមទៀត។

គោលនយោបាយសាមញ្ញៗចំនួន៤ចំណុចដែលជួយជំរុញការអនុវត្តវិស័យកសិកម្មនោះគឺ៖ ទី១-គោលនយោបាយមានហូប៖ ដើម្បីធានាសន្តិសុខស្បៀង សម្រាប់គ្រួសារកសិករ និងពលរដ្ឋទូទាំងប្រទេស។
ទី២-គោលនយោបាយមានប្រើ៖ ដើម្បីបង្កើនផលិតកម្ម ក្នុងការបំពេញ តម្រូវការប្រើប្រាស់គាំទ្រដល់មូលដ្ឋានឧស្សាហកម្ម និងកែច្នៃក្នុងស្រុក។
ទី៣-គោលនយោបាយមានបាន៖ ដើម្បីគាំទ្រលើកទឹកចិត្ត ដល់ប្រជាកសិករ ក្នុងការអនុវត្តផលិតកម្ម កសិកម្មដែលផ្ដល់ប្រាក់ចំណូលខ្ពស់ ដូចជាស្វាយចន្ទី ទុរេន ចេកស្រស់ ផ្លែមៀន ដូងប្រេង និងកៅស៊ូ។
និងទី៤-គោលនយោបាយមានរហូត៖ ដើម្បីយកចិត្តទុកដាក់ជារហូត និរន្តភាពនៃសេដ្ឋកិច្ច និងបរិស្ថាន៕

ដោយ៖ គង់ សិរីរ័ត្ន





