ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំសម្រេចបានជាង៦០ភាគរយហើយ
AKP កំពង់ធំ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ថា ការងារបង្កបង្កើតផលរបស់ប្រជាកសិករឆ្នាំនេះមានការកើនឡើងបើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំមុនដោយមានភ្លៀងធ្លាក់ពីដើមរដូវរាយគ្រប់ស្រុកទូទាំងខេត្ត។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ប្រជាកសិករខេត្តកំពង់ធំធ្វើការភ្ជួររាស់ដីដោយគ្រឿងយន្តកសិកម្មសរុបចំនួន១៤៥៣០៦ហិកតា ធៀបទៅនិងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាងចំនួន៣៥០៩៥ហិកតានិង ផ្ទៃដីសំណាបបានចំនួន៣៩ហិកតា និងដោយបានធ្វើការសាបព្រួសស្រូវលើផ្ទៃដីចំនួន១៣២ ៧១១ហិកតា ស្មើនឹង៦០,៣២ភាគរយនៃផែនការ២២០០០០ហិកតា ធៀបទៅនិងឆ្នាំមុនរយៈពេលដូចគ្នា ខ្ពស់ជាងចំនួន៣២ ៣១៣ ហិកតា ក្នុងនោះព្រួសស្រូវឡើងទឹកឬស្រូវវាបានចំនួន១៦៧៤ហិកតា។ ព្រួសស្រូវធ្ងន់ចំនួន២២៥៦១ហិកតា។ ព្រួសស្រូវកណ្ដាលបានចំនួន៥២៧៤២ហិកតា។ ព្រួសស្រូវស្រាលបានចំនួន៥៥៤៣៥ហិកតា ក្នុងនោះស្រូវស្រាលបង្កើនរដូវបានចំនួន៣៧៣០៥ហិកតា និងដាំស្រូវចម្ការបានចំនួន២៩៨ហិកតា។

ក្នុងរយៈពេលជាមួយគ្នានេះដែរ ប្រជាកសិករខេត្តកំពង់ធំបានអនុវត្តដំណាំរួមផ្សំផ្សេងៗរួមមាន៖ ដំឡូងមី ដំឡូងជ្វា ឪឡឹក បន្លែគ្រប់មុខ សណ្ដែកដី និងពោត សរុបបានចំនួន២៨ ៨០៧ហិកតា ធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នា ទាបជាងចំនួន១១០២២ហិកតា៕

ដោយ ស៊ុម វណ្ណា





