ពង្រឹងគុណភាពបច្ចេកទេសយុទ្ធគុនដល់គ្រូបង្វឹក មុនឈានដល់ការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចបវរធិបតី លើកទី២
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥--សិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណក្នុងការបញ្ជ្រាបចំណេះដឹង និងពង្រឹងគុណភាពដល់គ្រូបង្គោល៧០នាក់ត្រូវបានបិទបញ្ចប់ដោយជោគជ័យ មុនពេលត្រៀមឆ្ពោះទៅបន្តរៀបចំការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសិក្ខាសាលានេះធ្វើឡើងក្រោមគោលបំណងសំខាន់ៗចំនួន៤។

នេះជាការគូសបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី ដែលបានលើកឡើងក្នុងឱកាសបិទវគ្គសិក្ខាសាលានេះ នៅសាលាកីឡាគុណធម៌ រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍ថ្មីៗនេះ។

គោលបំណងសំខាន់ៗចំនួន៤នេះត្រូវបានសង្កត់ធ្ងន់ដោយឯកឧត្តម វ៉ាត់ ចំរើន ដោយទី១ គឺការបញ្ជ្រាបបច្ចេកទេសមូលដ្ឋានគ្រឹះយុទ្ធគុនខ្មែរ ដើម្បីឱ្យយល់ដឹងច្បាស់ពីមូលដ្ឋានក្បាច់គុននីមួយៗ។ ទី២ ផ្ដោតលើការប្រើបច្ចេកទេសលំហាត់កម្លាំងកាយ ក្នុងយុទ្ធគុនដែលមានការបែងចែកជាកម្លាំងកាយពិសេស ក្នុងការហាត់យុទ្ធគុន។ ក្នុងនោះមានលំហាត់ជាច្រើនពាក់ព័ន្ធនឹងការបង្កើនកណ្ដាប់ដៃ សាច់ដុំដៃ ជើង ចង្កេះ ក ឱ្យមានស្មារតីល្អ ថាមពល ល្បឿន អំណត់ ទន់ភ្លន់។ ទី៣ គឺការពង្រឹងរៀបរបបនៃការផ្ទេរចំណេះដឹងពីគ្រូទៅកីឡាករ កីឡាការិនីថាតើពួកគាត់មានវិធីសាស្ត្របែបណា ក្នុងការបង្ហាត់បង្ហាញបន្តទៅឱ្យកូនក្រុមរបស់គាត់ ដើម្បីត្រៀមការប្រកួតចុងឆ្នាំនេះ។ ចំណុចទី៣នេះយើងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ត្រូវយកចំណេះដឹង និងមូលដ្ឋានគ្រឹះដែលបានរៀនសូត្រពី២វគ្គនេះទៅបង្ហាត់បង្ហាញឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់ទៅតាមបច្ចេកទេសនីមួយៗ។ ទី៤ គឺការជំរុញទឹកចិត្ត និងវិន័យក្នុងការហ្វឹកហាត់។

ឯកឧត្ដម វ៉ាត់ ចំរើន បានរំលេចទៀតថា សិក្ខាសាលានេះផ្ដោតលើមូលដ្ឋានគ្រឹះ ដែលគ្រូបង្វឹកជាសិក្ខាកាមអាចយកទៅចែករំលែកបង្ហាត់ដល់កូនសិស្សរបស់ខ្លួន ត្រៀមចូលរួមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានរៀបចំវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណលើកចុងក្រោយរយៈពេល២ នៅសាលាកីឡាគុណធម៌ ដោយមានការចូលរួមពីសិក្ខាកាម៧០នាក់ដែលជាគ្រូបង្វឹកតាមបណ្ដាក្លឹបចំណុះសហព័ន្ធក្បាច់គុនផ្សេងៗទៀត ដូចជាសហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាយុទ្ធក្រមខម និងអង្គភាពកងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ ហេង ណាលីន





