ឧត្តមសេនីយ៍ទោសោម ស៊ុនផ្សព្វផ្សាយសភាពការណ៍ថ្មីៗនិងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKPកំពង់ធំថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ -- នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នងភារកិច្ចការពារជាតិនិងប្រជាជន។

ឧត្តមសេនីយ៍ទោសោម ស៊ុនបានបញ្ជាក់ថាកងទ័ព្វត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រនិងត្រូវហានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិសាសនាព្រះមហាក្សត្រពិសេសក្នុងកិច្ចការពារបូរណភាពទឹកដីការពាររដ្ឋធម្មនុញ្ញនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត។

ឧត្តមសេនីយ៍ទោសោមស៊ុនបានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយបានថ្លែងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៥ថ្មីៗនេះនិងបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួនដែលកើតមានឡើងនៅតាមព្រំដែនកម្ពុជា-ថៃនិងការពលីជីវិតដ៏អង់អាចក្លាហានរបស់យុទ្ធមិត្តយើងមួយរូបក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅតំបន់មុំបីស្រុកជាំក្សាន្តខេត្តព្រះវិហារជាប់ព្រំដែនកម្ពុជាថៃ។

ឧត្តមសេនីយ៍ទោសោម ស៊ុនបានលើកទឹកចិត្តដល់យោធិនគ្រប់រូបត្រូវហ៊ានលះបង់នឹងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិការពារទឹកដីមិនឱ្យខ្មាំងសត្រូវណាមកឈ្លានពានបានឡើយនឹងត្រូវត្រៀមខ្លួនគ្រឿងបំពាក់និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយុទ្ធពលខេមរៈភូមិន្ទឱ្យមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះនាយទាហាននាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្ដេជ្ញាចិត្តដាច់ខាតគោរពប្រតិបត្រយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយុទ្ធពលខេមរភូមិន្ទឱ្យទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ស៊ុម វណ្ណា





