សម្តេចក្រឡាហោម ស ខេង និងលោកជំទាវផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋស្រុករុក្ខគីរី ខេត្តបាត់ដំបង ជួបការខ្វះខាតចំនួន១២៥គ្រួសារ
AKP ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋចំនួន ១២៥គ្រួសារមកពីឃុំចំនួន៥ នៃស្រុករុក្ខគីរី ខេត្តបាត់ដំបង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងកន្សែងពោះគោ១។

ក្នុងឱកាសនេះ ឯកឧត្តម ខាន់ ម៉ាណេរ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋពីសំណាក់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងការថ្លែងអំណរគុណរបស់សម្តេចចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងសូមឲ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច
ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំបន្តវេនដែលប្រកបដោយថាមពល បញ្ញាញាណក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ទំនាក់ទំនងការទូត ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ឯកឧត្តម ខាន់ ម៉ាណេរ សូមឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព បង្កបង្កើនផលនៅរដូវវស្សាដើម្បីជីវភាពគ្រួសារ និងសូមប្រុងប្រយ័ត្នចំពោះកម្ចីផ្សេងៗ ជាពិសេសកម្ចី និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ហ្វេសប៊ុកសម្ដេចក្រឡាហោម)





