មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំឱ្យជំរុញការអនុវត្តកម្មវិធីជជែកដេញដោលយុវជននៅតាមសាលារៀន ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សិស្សានុសិស្ស
AKPភ្នំពេញ ថ្ងៃទី១ មិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យយុវជននៃមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាជំរុញការអនុវត្តកម្មវិធីជជែកដេញដោលយុវជនបន្ថែមទៀតនៅតាមសាលារៀន ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សិស្សានុសិស្សក្នុងមូលដ្ឋានក្នុងការអភិវឌ្ឍសមត្ថភាពលើបំណិនស្រាវជ្រាវ បំណិននិយាយជាសាធារណៈ បំណិនការងារជាក្រុម បំណិនវិភាគ និងសំយោគមតិ ការបញ្ចេញមតិប្រកបដោយសន្តិសហវិជ្ជមានផ្អែកលើមូលដ្ឋានព័ត៌មានច្បាស់លាស់។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបើកការប្រកួតវគ្គជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ នៅអគារ Kampus មជ្ឈមណ្ឌលម៉ានី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់អំពីក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ដែលជាយន្តការដ៏មានសក្តានុពលនៅតាមសាលារៀន និងសូមជំរុញឱ្យមានជាការបង្កើតក្លិបជជែកដេញដោលយុវជននៅក្នុងក្រុមប្រឹក្សាបន្ថែមទៀត ព្រមទាំងបានសំណូមពរដល់លោកគ្រូ អ្នកគ្រូដែលជាគ្រូដឹកនាំ និងគ្រូបង្វឹក និងសិស្សានុសិស្សជាបេក្ខជនទាំងអស់បន្តការយកចិត្តទុកដាក់បន្តដំណើរជាមួយគណៈកម្មការរៀបចំរបស់អគ្គនាយកដ្ឋានយុវជនជាបន្តបន្ទាប់តាមនីតិវិធី និងដំណាក់កាលនីមួយៗរហូតដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាលើបំណិនសតវត្សរ៍ទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រេះរិះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹងឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមានដើម្បីក្លាយខ្លួនជាពល រដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





