មន្ត្រីនគរបាល ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយផ្តោតលើគ្រឿងស្រវឹង គ្រឿងញៀន និងលក្ខណៈបច្ចេកទេសយានយន្តធុនធំ
AKP ព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ – លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ត្រីនគរបាលការិយាល័យគ្រឿងញៀនចុះរឹតបណ្តឹង ស្តីពីគ្រឿងញៀន គ្រឿងស្រវឹង និងលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ ជាពិសេសប្រភេទឡានធំ ឡានកុងតឺន័រ នៅមុខសាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាមកការិយាល័យសណ្តាប់ធ្នាប់សាធារណៈដើម្បីចុះពង្រឹងច្បាប់ពាក់ព័ន្ធអ្នកបើកបររថយន្តប្រភេទធុនធ្ងន់ ដើម្បីរកសាធាតុញៀន គ្រឿងស្រវឹង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ទន្ទឹមនឹងការចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឱ្យបទល្មើសចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុសម្រាប់ខែឧសភា មានការថយចុះ។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា បានបញ្ជាក់ថា ការរឹតបណ្តឹងច្បាប់ចរាចរណ៍នេះវាពិតជាមានសារ:សំខាន់ណាស់ ព្រោះកាលពីខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើងចំនួន ១៥ករណី ហើយខែឧសភា នៅសល់ ៧ករណី ថយចុះ ៨ករណី អ្នកស្លាប់មាន ១៤នាក់ លើ៦ ថយចុះ ៨នាក់ និងអ្នករបួស ១៨នាក់ លើ៣ ថយចុះ ១៥នាក់ ។ទន្ទឹមនឹងគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ការិយាល័យជំនាញនៅតែបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការដាក់ប៉ុស្តិ៍ប៉េ១ នៅមុខស្ថានីយសាំង PTT ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយផ្តោតលើការបើកបរបញ្ច្រាសទិសដែលតែងតែបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយការដាក់ប៉ុស្តិ៍នេះ ផ្តោតសំខាន់ការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ប្រសិនបើពួកគាត់មិនគោរពតាមការណែនាំរបស់មន្ត្រីរបស់យើង នឹងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ព្រោះការបើកបរបញ្ច្រាសទិសនេះ វាបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះខេត្តព្រះសីហនុ ជាខេត្តអេកូសេដ្ឋកិច្ច ដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅដែលមានទំនិញចេញ ចូលឆ្លងកាត់ ប្រមាណជា ៧០ភាគរយ ខេត្តមានឆ្នេរសមុទ្រស្រស់ស្អាត មានកោះ ជាពិសេសជាខេត្តទេសចរណ៍ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ផ្លូវល្បឿនលឿនក្នុងការធ្វើដំណើរមានភាពងាយស្រួល មកកាន់ខេត្តព្រះសីហនុ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបាន ដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើយ៉ាងណាឱ្យគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយនៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុឱ្យកាន់តែតិចបំផុតពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ម្យ៉ាងទៀតគ្រោះថ្នាក់ចរាចរណ៍ វាគឺជាឃាតកលាក់មុខ ធ្វើឱ្យយើងមានវិបត្តិនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាទី ១.បាត់បង់សមាជិកក្នុងក្រុមគ្រួសារ ២.បាត់បង់ចំណូល ៣.បាត់បង់ធនធានមនុស្ស ៤.ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ៥.ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា បានបន្ថែមថា មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បន្តចុះរឹតបណ្តឹង និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្តព្រះសីហនុ ដូចភ្លៀងរលឹម ជាពិសេសថែមទៀតនោះ មន្ត្រីរបស់យើងសហការជាមួយមន្ទីរអប់រំខេត្ត ចុះទៅធ្វើការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ រួមទាំងអ្នកបើកបររថយន្តគ្រប់ប្រភេទនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានការយល់ដឹងកាន់តែច្បាស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ក្រោមពាក្យស្លោក "ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍" ៕
ដោយ៖ ងូ សុមុនី





