រដ្ឋបាលខេត្តកំពង់ចាម រៀបចំអបអរសាទរ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ០១ មិថុនា
AKP កំពង់ចាម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ – នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយបានការអញ្ជើញចូលរួម មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៥ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ មាតាបិតា អាណាព្យាបាលសិស្ស បញ្ឈប់អំពើហិង្សាលើកុមារ បង្កើនការការពារ និង ជំរុញការបណ្តុះបណ្តាលពីគ្រូបង្រៀន និងមន្ត្រីពាក់ព័ន្ធ ពិសេស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវជំរុញការអនុវត្តសកម្មភាពគន្លឹះអាទិភាពលើការរៀបចំប្រព័ន្ធក្រុមប្រឹក្សាកុមារកម្ពុជានៅតាមគ្រឹះស្ថានសិក្សាទូទាំងខេត្ត និងបន្តជំរុញ ការលើកកម្ពស់ គុណភាពអប់រំ និងការអភិវឌ្ឍសាលារៀន ឈានក្លាយជាសាលារៀនគំរូ នឹងកំពុងបន្ត ថែរក្សាសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះ កុមារា-កុមារី ដើម្បីលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈម នឹងការយកចិត្តទុកដាក់ចំពោះ បញ្ហាគ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំងពលកម្ម ទាំងផ្លូវភេទ ចំពោះកុមារនិងស្ត្រី និងការរំលោភបំពានគ្រប់រូបភាព។សិទ្ធិរបស់ប្រជាពលរដ្ឋ សិទ្ធិកុមារត្រូវបានការពារនិងលើកតម្កើងដោយមានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការ ផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្ស ត្រូវខិតខំក្រេបយកចំណេះដឹង និងជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យរីកចម្រើន។ សិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យផុតពីបញ្ហាគ្រឿងញៀន ដោយកុំចង់ភ្លក់ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព និងកុំបើកបរលឿន ក្រៅពីនោះមិនត្រូវគេចវេះម៉ោងសិក្សា ទៅប្រមូលផ្តុំប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម បង្កើតបក្សពួក បងតូច បងធំ ដែលនឹងត្រូវបំផ្លាញអនាគត របស់ក្មួយៗនោះឡេីយ៕
ដោយ៖ ឆាយ ម៉ុត





