រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រឹត្តិការណ៍ជិះកង់ទ្រង់ទ្រាយធំ រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥ – រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ដ៏ធំមួយ ដើម្បីប្រមូលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់"។ ព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ការផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ គឺកើតចេញពីគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំដៅរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។

ព្រឹត្តិការណ៍ជិះកង់នេះ បានទាក់ទាញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន មន្ត្រីរាជការ មន្ទីរ អង្គភាពនានា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ១០០០នាក់។ ក្រុមអ្នកជិះកង់ទាំងអស់បានជិះកម្សាន្តជុំវិញក្រុងសិរីសោភ័ណ បង្កើតបានបរិយាកាសរីករាយ និងបង្ហាញពីស្មារតីសាមគ្គីភាពដ៏រឹងមាំ ក្នុងការចូលរួមចំណែកកិច្ចការមនុស្សធម៌។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយុទ្ធនាការនេះ ដែលមិនត្រឹមតែជាការប្រមូលថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់ស្មារតីសាធារណជនឱ្យយល់កាន់តែច្បាស់អំពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។ ឯកឧត្ដមបានបន្តថា រាល់ថវិកាដែលបានពីការចូលរួមនេះ គឺជាចំណែកមួយដ៏ធំធេងក្នុងការទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងធានាថា កុមារកម្ពុជាគ្រប់រូបទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តួចផ្តើមគំនិតដ៏ប្រសើរនេះ ក៏ដូចជាអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ។

អ្នកស្រី សុខុម ផល្លី ដែលជាប្រជាពលរដ្ឋម្នាក់បានចូលរួមជិះកង់ បានសម្តែងនូវអារម្មណ៍រំភើបរីករាយ និងមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។ អ្នកស្រីបានថ្លែងថា "ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ «ខ្ញុំគិតថា ការរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត ព្រោះមន្ទីរពេទ្យនេះពិតជាបានជួយជីវិតកុមារកម្ពុជាជាច្រើន។ ខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀត»។

ចំណែកក្មួយប្រុស សុខ វិសាល ជាសិស្សម្នាក់ដែលបានចូលរួមដែរនោះ ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា"ខ្ញុំរីករាយណាស់ដែលបានមកជិះកង់ជាមួយមិត្តភក្តិ និងមនុស្សជាច្រើនទៀត ហើយខ្ញុំក៏បានដឹងថា ការជិះកង់នេះគឺដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា។ ខ្ញុំចង់ឃើញប្អូនៗតូចៗទាំងអស់មានសុខភាពល្អ"។
សូមជម្រាបថា ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ មិនត្រឹមតែបានប្រមូលថវិកាជួយដល់កុមារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ៕
ដោយ៖ ឈុន សារ៉ាត





