បើកកិច្ចប្រជុំពិភាក្សាអំពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ ក្រោមគម្រោង SAAMBAT នៅខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥ -- ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥បានរៀបចំកិច្ចប្រជុំយ៉ាងស៊ីជម្រៅជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ ស្ដីពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ ក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជរូបនីយកម្មកសិកម្ម (SAAMBAT)។

កិច្ចប្រជុំដ៏សំខាន់នេះ បានប្រារព្ធឡើងនៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង SAAMBAT តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
វត្តមានរបស់អ្នកចូលរួមផ្សេងទៀតរួមមាន លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោកមេឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលបានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម។

នៅក្នុងឱកាសនោះលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង SAAMBAT បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគម្រោង SAAMBAT ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
លោកបានបញ្ជាក់ថា ផ្លូវថ្នល់ល្អនឹងជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដែលជាកត្តារួមចំណែកក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវដែលបានស្ថាបនារួច ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាគម្រោង SAAMBAT ដែលបានផ្ដល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅខេត្តបន្ទាយមានជ័យ។
លោកបានលើកឡើងថា គម្រោងនេះពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរកសិកម្ម។
លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារគម្រោង ដើម្បីធានាឱ្យការងារស្ថាបនាប្រព្រឹត្តទៅដោយរលូន និងមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍បច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងមូលដ្ឋាន ដែលកំពុងអនុវត្តក្រោមគម្រោង SAAMBAT។ លោកបានពន្យល់អំពីបច្ចេកទេសនៃការសាងសង់ ក៏ដូចជាផែនការសម្រាប់ដំណាក់កាលបន្តបន្ទាប់។ លោកបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់មន្ទីរក្នុងការត្រួតពិនិត្យ និងតាមដានការងារឱ្យបានដិតដល់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការចំណាយថវិកា។
តំណាងប្រជាពលរដ្ឋជាច្រើនរូបដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានបង្ហាញនូវក្ដីរំភើប និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង SAAMBAT។
លោកតា សុខា អាយុ ៦៥ ឆ្នាំ រស់នៅភូមិអូរ បានសម្ដែងការរីករាយយ៉ាងខ្លាំង ដោយលើកឡើងថា«កាលពីមុន ផ្លូវលំបាកខ្លាំងណាស់ ទាំងកសិផល និងកូនចៅទៅសាលារៀនជួបការលំបាកជាច្រើន។ ឥឡូវមានផ្លូវល្អ ពួកយើងពិតជារីករាយណាស់ ហើយខ្ញុំសង្ឃឹមថានឹងអាចដឹកបន្លែផ្លែឈើទៅលក់នៅផ្សារបានស្រួលជាងមុន»។
អ្នកស្រី ស្រីពៅ អាយុ ៤២ ឆ្នាំ ជាកសិករដាំដុះដំណាំផ្សេងៗ បានបន្ថែមថា«ផ្លូវស្អាតធ្វើឲ្យយើងចំណេញពេលវេលា និងប្រាក់កាសក្នុងការដឹកជញ្ជូន។ កាលពីមុន ខ្ញុំចំណាយច្រើនលើការជួលម៉ូតូ ឬរទេះដឹកជញ្ជូន ព្រោះផ្លូវពិបាកពេក។ តែឥឡូវ ខ្ញុំអាចដឹកជញ្ជូនដោយខ្លួនឯងបាន ហើយលក់ផលិផលបានតម្លៃខ្ពស់ជាងមុនទៀត»។
សូមបញ្ជាក់ថាគម្រោងទាំងនេះមានការសាងសង់ផ្លូវ បីខ្សែ ប្រភេទ DBST ប្រវែង ១២.៤៨ គីឡូម៉ែត្រកញ្ចប់ W-0៦B ( LOt-១ ) នៅក្នុងខេត្តបន្ទាយមានជ័យ
១- ផ្លូវតាដួល ភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ប្រវែង ៤៥៤០ម៉ែត្រ
២- ផ្លូវគោកសំរោងលិចភូមិគោកសំរោងលិចឃុំបន្ទាយឆ្មារស្រុកថ្មពួកប្រវែង ៤២៤០ម៉ែត្រ
៣- ផ្លូវគោកសំរោងកើតភូមិគោកសំរោងកើតឃុំបន្ទាយឆ្មារស្រុកថ្មពួកប្រវែង ៣៧១០ ម៉ែត្រ
៤- សាងសង់បន្ទប់ទឹកចំនួន ២ ក្នុងផ្សារសហគមន៍ស្ថិតនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងពេលរសៀល បន្តចុះពិនិត្យការស្ថាបនាផ្លូវ ចាប់ពីភូមិព្រែកព្នៅ ឃុំបន្ទាយនាង ឆ្ពោះទៅកាន់ភូមិពោធិពីតដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី៕
ដោយ៖ ឈុនសារ៉ាត





