មន្រ្តីជាន់ខ្ពស់ក្រសួង អភិវឌ្ឍន៍ជនបទអញ្ជើញចុះមើលផ្លូវនៅស្រុកបសេដ្ឋ
AKP កំពង់ស្ពឺ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ -- កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្លូវ និងសំណង់ទំនប់ទ្វារទឹកអូរក្បៀ ដែលដាច់ចរាចរណ៍មិនអាចធ្វើដំណើរបាន ដោយទឹកហូរច្រោះមានរូងផ្នែកខាងក្រោមផ្លូវ និងសំណង់ក្បាលទំនប់ ចៃដន្យមានរថយន្តធន់ធ្ងន់(ដឹកអុស)ឆ្លងកាត់ធ្វើឱ្យបាក់ស្រុតផ្នែកម្ខាងនៃក្បាលទំនប់ នាព្រឹកមិញថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិខ្នារតានុង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការចុះត្រួតពិនិត្យនេះមានការចូលរួមពីសំណាក់ មន្រ្តីបច្ចេកទេស នៃនាយកកដ្ឋានផ្លូវលំជនបទ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិមយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ទំនប់ទ្វារទឹកអូរក្បៀ មានប្រវែង ៣៨ម ទទឹង ៥ម ជាទំនប់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថិតនៅលើខ្សែផ្លូវជនបទ(សាលា-ស្លាបលែង) ប្រវែង ៣៣ ២២០ ម៉ែត្រ។

បន្ទាប់ពីការចុះពិនិត្យក្រុមការងារបានប្រជុំពិភាក្សារកដំណោះស្រាយចំពោះមុខដោយឯកភាពគ្នាដូចខាងក្រោម៖
-រដ្ឋបាលស្រុក និងរដ្ឋបាលព្រៃឈើ ធ្វើការស្ទូចរថយន្ត និងឈើ(អុស) នោះចេញដើម្បីយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ព្រមទាំងធ្វើរបាយការណ៍ទៅរដ្ឋបាលខេត្តដើម្បីដោះស្រាយតាមនីតិវិធី
-តំណាងក្រសួងធនធានទឹក និងឧតុនិយម និងរៀបចំបញ្ជូនគ្រឿងចក្រមកធ្វើការជួសជុលក្បាលទំនប់ទ្វារទឹកឡើងវិញនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ។
-ក្រសួងអភិវឌ្ឍន៍ជនបទពិនិត្យលទ្ធភាពក្នុងការស្តារកំណាត់ផ្លូវតភ្ជាប់ក្បាលទំនប់ដែលទឹកហូរដាច់នេះ ជាផ្លូវកៅស៊ូពីរជាន់ DBST ឡើងវិញ៕

ដោយ៖ លឹម សាន្ត





