សម្ដេចធិបតី៖ ម៉ោងនេះគឺជាម៉ោងដែលយើងត្រូវរួបរួមគ្នាដើម្បីលើកទឹកចិត្កកងទ័ពដែលប្តូរផ្តាច់ការពារបូរណភាពទឹកដី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ម៉ោងនេះគឺជាម៉ោងដែលយើងត្រូវរួបរួមគ្នាដើម្បីលើកទឹកចិត្កកងទ័ពដែលប្តូរផ្តាច់ការពារបូរណភាពទឹកដី ខណៈទាហានមានទឹកចិត្តនៅពេលដែលឃើញប្រជាជននៅខាងក្រោយគាំទ្រពួកគាត់ការពារទឹកដី។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុនប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា«តម្លៃនៃការចូលរួមគាំទ្ររបស់បងប្អូនសម្រាប់អារម្មណ៍ទឹកចិត្តទាហានយើងធំណាស់ តម្លៃកាត់ថ្លៃមិនបានទេ។តម្លៃជាសម្ភារ ជាថវិកាយើងវាស់បាន ប៉ុន្តែអ្វីដែលសំខាន់ ទាហានយើងមានទឹកចិត្តនៅពេលដែលឃើញប្រជាជនយើងនៅខាងក្រោយគាំទ្រពួកគាត់ការពារទឹកដី។ពេលដែលទាហានចេញច្បាំង ច្បាំងដើម្បីការពារទឹកដីទាំងអស់គ្នាមិនមែនការពារបក្សណា ឬរដ្ឋាភិបាលបក្សប្រជាជននោះទេ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ម៉ោងនេះគឺជាម៉ោងដែលយើងត្រូវរួបរួមគ្នា ហើយដើម្បីកងទ័ពយើងទាំងអស់គ្នា និងដើម្បីលើកទឹកចិត្តកងទ័ពយើងដែលប្តូរផ្តាច់ការពារបូរណភាពទឹកដីយើង»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «បើយើងវ៉ៃ គឺយើងវ៉ៃឱ្យឈ្នះ! អ្វីដែលសំខាន់គឺទឹកចិត្តកងទ័ព»៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





