សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កន្លែងទាហានឈ្លានពានថៃលួចឆ្មក់បាញ់ទាហានខ្មែរគឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងឱ្យដឹងថា កន្លែងទាហានឈ្លានពានថៃលួចឆ្មក់បាញ់ទាហានខ្មែរបណ្តាលឱ្យបាត់បង់ជីវិតគឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ ហើយទីតាំងនេះត្រូវបានទាហានខ្មែរដណ្តើមបានមកវិញហើយ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុនប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា«កន្លែងដែលទាហានឈ្លានពានថៃលួចឆ្មក់បាញ់ទាហានខ្មែរបណ្តាលឱ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ត្រូវបានទាហានខ្មែរយើងដណ្តើមទីតាំងបានមកវិញហើយ ខណៈទីតាំងនេះគឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្ថែមថា «ការបោះបង្គោលខណ្ឌសីមាព្រំដែន យើងត្រូវការគណៈកម្មាធិការព្រំដែន រវាងប្រទេសទាំងពីរ ហើយយោធា ឬកងទ័ព មិនអាចកំណត់ព្រំដែនតាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្តថា «បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលយើងត្រូវអត់ធ្មត់ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ និងផ្លូវការទូត»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





