ក្រសួងអប់រំបើកកិច្ចប្រជុំពិនិត្យការងារវឌ្ឍនភាពរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវឌ្ឍនភាពរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ដែលជាអគ្គនាយកដ្ឋានបំពេញមុខងារក្នុងការលើកសំណើគោលនយោបាយនិងផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងការពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។


ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយបានប្រែពីនាយកដ្ឋានទៅជាអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការផងដែរ។ ក្នុងន័យនេះ ដើម្បីបន្តបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារពាក់ព័ន្ធធ្វើការពិនិត្យ និងរៀបចំប្រព័ន្ធការងារឡើងវិញ ជាពិសេសប្រព័ន្ធការងារដែលមានស្រាប់ និងធ្វើការកែសម្រួល ដើម្បីស្វែងរកចំណុចខ្វះខាត និងធ្វើទំនើបកម្មប្រព័ន្ធការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ពង្រីកការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដោយគោលនយោបាយ និងផែនការយុទ្ធសាស្ត្រមួយចំនួន ត្រូវមានការផ្សព្វផ្សាយ និងចែករំលែកឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីទទួលបានការចូលរួម និងការគាំទ្រក្នុងការអនុវត្ត។ រៀបចំអាទិភាពការងារឱ្យបានច្បាស់លាស់ ដោយក្រុមការងារត្រូវរៀបចំការងារជាចំណុចធំៗ ដែលជាអាទិភាពដូចជា ផែនការយុទ្ធសាស្ត្រអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។កំណត់សូចនាករគន្លឹះសម្រាប់វាស់ស្ទង់សមិទ្ធផលដូចជា លទ្ធផលតេស្ត PISA អត្រាចូលរៀន និងអត្រាបោះបង់ការសិក្សា។ បង្កើតប្រព័ន្ធរាយការណ៍ និងវាយតម្លៃការងារជាប្រចាំ ដើម្បីជួយដល់ការតាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពនៃផែនការ និងគោលនយោបាយនានា។ រៀបចំប្រព័ន្ធរបាយការណ៍ការងារ និងវាយតម្លៃជាប្រព័ន្ធឱ្យបានទៀងទាត់ ដើម្បីជួយដល់ការតាមដានវឌ្ឍនភាព ការវាយតម្លៃប្រសិទ្ធភាពនៃផែនការ និងគោលនយោបាយនានា និងធានាបាននូវគណនេយ្យភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





