សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរៀបចំសន្និបាតអាណត្តិទី៦ (២០២៥-២០៣០
AKP ភ្នំពេញ ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥--
នាព្រឹក ថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំសន្និបាតអាណត្តិទី៦ (២០២៥-២០៣០) នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៨៨រូប។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។
២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។
ក្នុងដំណើរការសន្តិបាត បានប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប) រួចមកអង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។
អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ហួត វុទ្ធី អនុប្រធាន, សាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី អនុប្រធាន, លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក, ឯកឧត្តម ស្រី សុភ័ក្រ ជាលេខាធិការ និងសមាជិកចំនួន ៩ រូបទៀត។
ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថាដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតសាខា បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈកការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ទី២ ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ។ ល។ ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។
រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្ស ពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារ ឲ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នា ទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ។


តាងនាមគណៈកម្មាធិការសាខាអាណត្តិទី ៦ ដើម្បីជាការសំដែងនូវគារវៈកិច្ចចំពោះអង្គសន្និបាតដែលបានបោះឆ្នោតគាំទ្រ និងផ្តល់នូវទំនុកចិត្ត ឯកឧត្តម អ៊ុន ចាន់ដា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើ ឯកឧត្តម សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា, ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ, ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិសាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាគៀងគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ។


បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង១០ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍន៍ស្ថាប័ន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖កាកបាទក្រហមកម្ពុជា)





