ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងបង្កើតមាតិកាមេរៀនឌីជីថល”
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំបង្កើតមាតិកាមេរៀនឌីជីថល» ជូនមន្ត្រីរាជការ បុគ្គលិកសិក្សា និងឧទ្ទេសាចារ្យរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅរួមចំណែកបង្កើនសក្ដានុពលនៃការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមគាំទ្រងនិងអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងចីរភាព កាលពីថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ថ្នាក់ដឹកនាំវិទ្យាស្ថាន ឧទ្ទេសាចារ្យ គ្រូបង្គោល និងបុគ្គលិកសិក្សាសរុបចំនួន ៣០រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយកវិទ្យាស្ថាន បានលើកឡើងពីសារៈសំខាន់នៃការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលឌីជីថល សម្រាប់ជាមធ្យោបាយបន្ថែម ដើម្បីជំរុញការកសាងនិងការអភិវឌ្ឍសមត្ថភាពលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ ស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ។

តំណាងឧទ្ទេសាចារ្យ លោកស្រី គង់ ឆោមកែវវរលក្ខណ៍ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាបានផ្តល់ចំណេះដឹង និងការយល់ដឹងថ្មីៗដល់ឧទ្ទេសាចារ្យ និងគ្រូបង្គោល ក្នុងការត្រៀមលក្ខណៈសម្បត្តិចូលរួមអភិវឌ្ឍមាតិកាមេរៀនឌីជីថល ប្រកបដោយដោយគុណភាព សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង នាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមនាយកវិទ្យាស្ថានបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ឧទ្ទេសាចារ្យ គ្រូបង្គោល និងក្រុមការងារបច្ចេកទេសដែលបានខិតខំដោយយកចិត្តទុកដាក់អនុវត្តសកម្មភាពយ៉ាងសកម្ម ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរ តាមការគ្រោងទុក៕

ដោយ ទូច វលក័្ខណ





