រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ៖ ការវិភាគមុខងារតាមបណ្តាក្រសួង ស្ថាប័ន មិនបានធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់មន្ត្រីរាជការនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានគូសបញ្ជាក់ថា ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ននេះ គឺមិនបានធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់មន្ត្រីរាជការនោះទេ ប៉ុន្ដែគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ ការគូសបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា មកទល់ពេលនេះក្រសួងព័ត៌មាន គឺជាក្រសួងទី២៨ ក្នុងចំណោមក្រសួងសរុបចំនួន៣១ ដែលបានសហការជាមួយក្រសួងមុខងារសាធារណៈក្នុងការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ខណៈដែលក្រសួងមុខងារសាធារណៈគឺជាក្រសួងដំបូងគេ ដែលបានរៀបចំសិក្ខាសាលានេះឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា នេះគឺជាការបន្តជួបជាមួយក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មានស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន បានជ្រាបបន្ថែម ហើយការធ្វើវិភាគមុខងារនេះមិនបានធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់មន្ត្រីរាជការនោះទេ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា កំណែទម្រង់រដ្ឋបាលសាធារណៈជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បី លើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ និងឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខ័ណ្ឌដើម និងការលុបឈ្មោះ មន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិ ផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ ដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ តាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ” ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ»។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ដថា ក្រសួងព័ត៌មាន មានគោលបំណងប្រែក្លាយខ្លួនទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ” ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថាក្រសួងព័ត៌មាន បានវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងបានកំណត់មុខងារស្នូល និងមុខងាររងរបស់ខ្លួន ស្របតាមអនុសាសន៍នៃមន្ត្រីជំនាញ និងការចង្អុលបង្ហាញរបស់គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនោះមុខងារទី១ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមុខងារទី២ គឺដឹកនាំ និងសម្របសម្រួលកិច្ចការសាធារណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនេះ ក្រោយពីវិភាគមុខងារចប់ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញនូវសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន សំដៅដល់ការកែសម្រួល និងបំពាក់បន្ថែមមុខងារ ភារកិច្ច ឬរចនាសម្ព័ន្ធចាស់ ដោយច្របាច់នាយកដ្ឋានមួយចំនួនរួមបញ្ចូលគ្នា ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យព័ត៌មានរបស់ខ្លួន ដែលបានដាក់ចេញក្នុងនីតិកាលទី៧ នៃរដ្ឋសភា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថា សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីររូបផងដែរ ដែលរួមមាន ទី១. បទបង្ហាញពីដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងទី២. បទបង្ហាញស្ដីពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នាក្នុងក្របខ័ណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈផងដែរ៕


ដោយ៖ ចាន់ សុភឿន រូបថត៖ ខឹម សុវណ្ណារ៉ា





