មន្ត្រីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋបន្តមកទទួលវាក់សាំងការពារជំងឺកូវីដ-១៩នៅមណ្ឌលសុខភាព
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលអំពីករណីឆ្លងជំងឺកូវីដ-១៩នៅតាមសហគមន៍ មន្ត្រីជំនាញខេត្តកំពតបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ពិសេសសូមបន្តរក្សាអនាម័យដោយការពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូ ឬជែល។

គ្រូពេទ្យនៅមណ្ឌលសុខភាព អ៊ីទួនស៊ាង ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត លោកស្រី គិត ភារម្យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងឯកឧត្តមអភិបាលបាលខេត្តកំពត ការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពល្អប្រសើរជាងមុន។ ហើយក្នុងនោះការផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃ មានទាំងសម្រាប់ទារក កុមារ មនុស្សពេញវ័យ និងមនុស្សចាស់។

លោកស្រីបានបន្តថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពមានបម្រុងទុកគ្រប់គ្រាន់ សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់វ័យ ពេលពួកគាត់ចង់ចាក់។ ដោយសារបច្ចុប្បន្ន មានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ លោកស្រីស្នើដល់ប្រជាពលរដ្ឋសូមបន្តមកទទួលវ៉ាក់សាំងការពារនៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវបន្តរក្សាអនាម័យ រស់នៅស្អាត ទទួលទានស្អាត ផឹកទឹកស្អាត ពេលចេញក្រៅផ្ទះត្រូវពាក់ម៉ាស និងត្រូវលាងដៃនឹងសាប៊ូ ឬជែល ពេលប៉ះពាល់របស់របរអ្វីមួយ។

លោក ស៊ីន ចូវ ប្រធានការិយាល័យថ្នាំបង្ការខេត្តកំពត បានប្រាប់ឱ្យដឹងនៅថ្ងៃដដែលថា សម្រាប់ខេត្តកំពត ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានបន្តធ្វើរហូតមក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា។ ហើយបន្ទាប់ពីមានការប្រកាសរបស់ក្រសួងសុខាភិបាល អំពីករណីឆ្លងកូវីដ-១៩នៅតាមសហគមន៍ ខេត្តនៅមិនទាន់មានការណែនាំឱ្យធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលចង់ចាក់វ៉ាក់សាំង អាចមកចាក់បាននៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករាល់ម៉ោងធ្វើការ៕


ដោយ ប្រាក់ លាង





