សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ជឿជាក់លើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ក្នុងការដោះស្រាយតាមរយៈការចរចា ជាជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យប្រជាពលរដ្ឋមានការស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ក្នុងការដោះស្រាយតាមរយៈការចរចា ជាជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។ ការស្នើរបស់សម្ដេចតេជោបែបនេះ តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទិននឹងសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ អ្វីដែលទូលបង្គុំខ្ញុំ ចង់បញ្ជាក់គឺស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការស្ងប់ចិត្ដ ជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះ តាមរយៈនៃការចរចា ជាជាងការដោះស្រាយតាមរយៈនៃកម្លាំងប្រដាប់អាវុធ»។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា អ្វីដែលខ្លាចបំផុតគឺត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលអុជអាល់រុញច្រានឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ ក៏ដូចជាការស្អប់ជាតិសាសន៍ដែលធ្វើឱ្យបាត់បង់នូវផលប្រយោជន៍រវាងប្រទេសទាំងពីរ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា៖ «អ្វីដែលគួរឱ្យខ្លាចបំផុតគឺព័ត៌មានក្លែងក្លាយ អុជអាលដែលនាំទៅដល់សង្គ្រាមរវាងប្រទេសទាំងពីរ ក៏ដូចជាការសម្អប់ជាតិសាសន៍ ដែលធ្វើឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ នៅក្នុងទំនាក់ទំនងដែលទាញយកពីទំនាក់ទំនងសហប្រតិបត្តិការល្អ»។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ដែលបានកើតឡើង និងគួរឱ្យសោកស្តាយ នៅក្នុងពេលវេលាដែលមានយុទ្ធជនកម្ពុជាយើងម្នាក់ បានពលី ដោយសារការបាញ់ប្រហារ ការវាយឆ្មក់របស់ទាហានថៃ វាជារឿងដែលគួរត្រូវចៀសវាង។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «រឿងនេះខ្ញុំគួរតែត្រូវបញ្ជាក់បន្តិច អំពីបញ្ហានេះ ពិតមែនហើយ ខ្ញុំបានបញ្ជាក់តាមការបង្ហោះតាមទំព័រ Facebook របស់ខ្ញុំហើយព្រឹកនេះ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការចល័តកម្លាំងទ័ពរបស់យើង ទៅកាន់ព្រំដែន ហើយការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែ គឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»៕
ដោយ៖ រិទ្ធី





