សិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ខេត្តបន្ទាយមានជ័យប្តេជ្ញាចិត្តរួមដើម្បីទេសចរណ៍គ្មានគ្រឿងញៀន
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
ខេត្តបន្ទាយមានជ័យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំយ៉ាងស៊ីជម្រៅស្តីពី "គ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍" កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពី លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និងមានអ្នកចូលរួមជាច្រើន។

ក្នុងឱកាសនោះ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជា "ជំងឺសង្គមដ៏កាចសាហាវ" ដែលមិនត្រឹមតែបំផ្លាញអនាគតយុវជនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជាពិសេសគឺ វិស័យទេសចរណ៍ ដែលជាសរសរស្តម្ភដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ វិស័យទេសចរណ៍ស្អាតស្អំ គ្មានគ្រឿងញៀន គឺជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។ យើងត្រូវរួមគ្នាការពារវិស័យនេះឱ្យរួចផុតពីមេរោគគ្រឿងញៀន ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍ និងកេរ្តិ៍ឈ្មោះល្អរបស់ប្រទេសជាតិ។

ឯកឧត្តមក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ប្រតិបត្តិករទេសចរណ៍ សហគមន៍ និងប្រជាពលរដ្ឋ ឱ្យបង្កើនការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសគឺការផ្សព្វផ្សាយ និងអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់យុវជន និងសាធារណជនទូទៅ។
ឆ្លើយតបនឹងប្រសាសន៍ដ៏មានអត្ថន័យនេះ លោក ប្រាក់ ប៉ូលី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ដែលបានជ្រើសរើសខេត្តបន្ទាយមានជ័យក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានជាអតិបរមា ជាពិសេសនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗរបស់ខេត្ត។ យើងជឿជាក់ថា តាមរយៈការអប់រំ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន យើងនឹងអាចកសាងបានខេត្តបន្ទាយមានជ័យមួយដែលគ្មានគ្រឿងញៀន និងជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញ។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ប្រតិបត្តិករទេសចរណ៍ សិស្ស និស្សិត និងប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០នាក់។ ខ្លឹមសារនៃសិក្ខាសាលាបានផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃគ្រឿងញៀនទៅលើសុខភាព សង្គម និងសេដ្ឋកិច្ចជាតិ។ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងវិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន។ យន្តការនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍។ តួនាទីរបស់សហគមន៍ និងសាធារណជនក្នុងការចូលរួមទប់ស្កាត់គ្រឿងញៀន។
អ្នកចូលរួមទាំងអស់បានយកចិត្តទុកដាក់ស្តាប់នូវបទឧទ្ទេសនាម ក៏ដូចជាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈយោបល់យ៉ាងផុសផុល ស្តីពីយុទ្ធសាស្ត្រនានាដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។ សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយជោគជ័យ និងបានបន្សល់ទុកនូវសារសំខាន់មួយថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាកិច្ចការរួមគ្នា ដែលទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកសាងសង្គមមួយដែលគ្មានគ្រឿងញៀន និងវិស័យទេសចរណ៍មួយដែលពោរពេញដោយសុវត្ថិភាព និងភាពរីកចម្រើន៕
ដោយ ឈុន សារ៉ាត





