គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥
AKP តាកែវ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវប្រចាំខែឧសភា ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាលក្រុង-ស្រុក ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សាជាថ្មី ដោយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឡើងវិញឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរក្រុង-ស្រុកទាំង១០ ក្នុងខេត្តតាកែវ ត្រូវបំផុសចលនាចាក់វ៉ាក់សាំងដូសជំរុញឡើងវិញ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ បងប្អូនប្រជាពលរដ្ឋអាចទៅចាក់បាននៅតាមមណ្ឌលសុខភាព ឬនៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋ ដោយការចាក់វ៉ាក់សាំងនេះគឺមិនត្រូវបានគិតថ្លៃនោះទេ។ មន្ត្រីសុខាភិបាលក៏ត្រូវធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពីអនាម័យសុខភាពដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានធ្វើការណែនាំដល់អភិបាលក្រុង-ស្រុកផងដែរ ត្រូវត្រៀមទីតាំងមួយចំនួនសម្រាប់ធ្វើចត្តាឡីស័ក ប្រសិនជាមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩សាជាថ្មី និងបានធ្វើការណែនាំផងដែរដល់មន្ត្រីឈរជើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យសុខភាពរាល់អ្នកធ្វើដំណើរឆ្លងកាត់ឱ្យបានច្បាស់លាស់ ចៀសវាងការរីករាលដាលជំងឺកូវីដ-១៩ ចូលមកប្រទេសកម្ពុជាសាជាថ្មី៕
ដោយ អ៊ុច សៀង





