ខេត្តបន្ទាយមានជ័យប្រកាសជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០២៥ ត្រៀមពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ សម្រាប់ឆ្នាំ២០២៥ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យ៉ាន់ វ៉ាន់យ៉ង់ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយសិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងផុសផុលពីអភិបាលរងក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ សមាគម សិប្បកម្ម និងអាជីវកម្មជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម យ៉ាន់ វ៉ាន់យ៉ង់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃចលនាភូមិមួយផលិតផលមួយ ដែលជាគំនិតផ្តួចផ្តើមដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍផលិតផលសក្តានុពលរបស់សហគមន៍នីមួយៗ។ ភូមិមួយផលិតផលមួយមិនមែនត្រឹមតែជាការផលិតនោះទេ ប៉ុន្តែជាការកសាងអត្តសញ្ញាណផលិតផល ប្រភពដើម និងការបង្កើតតម្លៃបន្ថែមដល់សហគមន៍។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ និងសហគមន៍ទាំងអស់ បន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកំណត់អត្តសញ្ញាណ និងអភិវឌ្ឍផលិតផលឱ្យកាន់តែមានគុណភាពប្រកបដោយភាពច្នៃប្រឌិត និងមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានរៀបចំសិក្ខាសាលាដ៏មានអត្ថន័យនេះឡើង។ ខេត្តបន្ទាយមានជ័យមានសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍផលិតផលភូមិមួយផលិតផលមួយ ដោយសារខេត្តមានធនធានធម្មជាតិសម្បូរបែប និងប្រពៃណីវប្បធម៌យូរលង់ ដែលអាចបង្កើតជាផលិតផលប្លែកៗ។
លោកអភិបាលរងខេត្តបានប្តេជ្ញាចិត្តថា រដ្ឋបាលខេត្តនឹងបន្តផ្តល់ការគាំទ្រពេញទំហឹងដល់ការអនុវត្តន៍ចលនាភូមិមួយផលិតផលមួយ រួមទាំងការផ្តល់បច្ចេកទេស ការបណ្តុះបណ្តាល និងការសម្របសម្រួល ដើម្បីជួយសមាជិក ចលនាភូមិមួយផលិតផលមួយ ឱ្យពង្រឹងសមត្ថភាពផលិត និងពង្រីកទីផ្សារ។

សិក្ខាសាលានេះក៏ជាឱកាសមួយសម្រាប់ផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌនៃការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយសម្រាប់ឆ្នាំ២០២៥ ដោយជំរុញឱ្យផលិតករ និងសហគមន៍ដែលមានសក្តានុពលខ្ពស់ បន្តដាក់ពាក្យស្នើសុំចូលជាសមាជិក ដើម្បីទទួលបានការគាំទ្រ និងការលើកកម្ពស់ពីកម្មវិធីនេះ។ ក្នុងនោះដែរ វិញ្ញាបនបត្រទទួលស្គាល់ជាសមាជិកចលនាភូមិមួយផលិតផលមួយសម្រាប់ឆ្នាំ២០២៤ ក៏ត្រូវបានចែកជូនដល់ផលិតករ សិប្បករ និងសហគមន៍ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ផងដែរ។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ពួកគេ ក្នុងការបន្តខិតខំប្រឹងប្រែងផលិតនូវផលិតផលប្រកបដោយគុណភាព និងភាពច្នៃប្រឌិត។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ និងការចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញផលិតផលសក្តានុពលក្នុងស្រុកឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែងនៅលើទីផ្សារ៕
ដោយ ឈុន សារ៉ាត





