វគ្គបណ្តុះបណ្តាលស្ដីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រ និងធ្វើបរិវត្តកម្មយេនឌ័រ
AKP កំពង់ធំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ធំសហការជាមួយមន្ទីរកិច្ចការនារីខេត្ត រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រ និងធ្វើបរិវត្តកម្មយេនឌ័រនៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរងនៃគណអភិបាលខេត្តកំពង់ធំ និងលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត ជូនដល់មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុកទាំង៩មានអ្នកចូលរួមសរុប៥៥នាក់ (ស្រី៤៨នាក់) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីលោកស្រី ស៊ិន ស៊ីផាន បានមានមតិស្វាគមន៍និងថ្លែងអំណរគុណជូនដល់លោកស្រីគណៈអធិបតី និងសិក្ខាកាមរួចមក លោកស្រី លំ គន្ធារី បានមានប្រសាសន៍ផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ត្រូវព្យាយាម និងយកចិត្តទុកដាក់ព្រោះប្រធានបទនេះមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្ត។ សូមយកមេរៀនទាំងនេះទៅអនុវត្តហើយរាយការណ៍ជូនថ្នាក់ដឹកនាំផង៕

ដោយ ស៊ុម វណ្ណា





