មន្ទីររៀបចំដែនដីចុះប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការពន្លឿនចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងកម្មវិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីសូរិយោដី អ្នកជំនាញពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក លី សុភា បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អាចយកទៅប្រើប្រាស់ និងធ្វើជាឯកសារផ្លូវច្បាប់។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជាបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ លោកបានឱ្យដឹងទៀតថា ក្រុមការងារកំពុងបំពេញសកម្មភាពបោះបង្គោលព្រំចុះវាស់វែង និងមានប្រជាពលរដ្ឋមកបំពេញឯកសារសុំសិទ្ធិកាន់កាប់ដីធ្លីលក្ខណៈជាប្រពន្ធ័បានចំនួន៧៧ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន២៥៥គ្រួសារ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជួយសហការជាមួយមន្ត្រីជំនាញ ដើម្បីឱ្យដំណើរការងារចុះកំណត់ព្រំ វាស់វែង និងបំពេញឯកសារទទួលសិទ្ធិកាន់កាប់ដីធ្លីលក្ខណៈជាប្រពន្ធ័នាពេលនេះប្រព្រឹត្តទៅដោយរលូនឆាប់រហ័ស ដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងបរិបទនេះ លោកក៏បានធ្វើការពន្យល់ដល់លោកមេឃុំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម តាមរយៈប្រធានក្រុម ភូមិ ឃុំ សង្កាត់ ក្រុង ខេត្ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណដី ទំហំដី នៅក្នុងមូលដ្ឋាន និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលបណ្ណកម្មសិទ្ធិស្របច្បាប់មកចុះបញ្ជីដីធ្លី តាមអនុក្រឹត្យលេខ៤៦-៤៨ និងឧបសម្ព័ន្ធនិយាមការច្បាស់លាស់ក្នុងការកំណត់ព្រំដី សិទ្ធិអ្នកកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយនូវការទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាព គ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនម្ចាស់ដី៕
ដោយ បៃ ស៊ីថុន





