អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ជាលើកទី៥ពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
កាកបាទក្រហមកម្ពុជាបានផ្តល់អំណោយមនុស្សធម៌ជាលើកទី៥ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន១០លានរៀល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជូនដល់អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើងប្រមាណ២៥០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក សែម ស៊ីណាត ប្រធានរដ្ឋបាលអង្គការផ្ទះបាយកុមារ មានរបាយការណ៍អំពីដំណើរការផ្ទះបាយកុមារក្នុងឆ្នាំ២០២៥ ជូនអង្គពិធី។ “អង្គការផ្ទះបាយកុមារមានបំណងឱ្យកុមារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើង បានទទួលអាហារហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន បានសរសេរ បានកាត់សក់ កាត់ក្រចក ងូតទឹក ជួយជំរុញកុមារឱ្យចូលរៀន ជាដើម។ សព្វថ្ងៃមានកុមារប្រមាណជាង៨៥៣នាក់ បានទទួលសេវាពីផ្ទះបាយកុមារ។ ដោយព្រឹកនេះមានកុមារប្រមាណ២៥០នាក់ ដែលបានមកចូលរួមដោយផ្ទាល់។ លោកបានបន្តថា មិនត្រឹមតែជួយកុមារនោះទេ ប៉ុន្តែផ្ទះបាយកុមារបានជួយដល់និស្សិត១១នាក់ ដោយផ្តល់ជាស្បៀង សម្ភារអនាម័យ សម្លៀកបំពាក់ និងឧបត្ថម្ភថវិកាខ្លះ សម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ”។
មានប្រសាសន៍សំណេះសំណាលនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ លោកគ្រូ អ្នកគ្រូ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារ និងសូមបន្តនូវសកម្មភាពដ៏ល្អមួយនេះដើម្បីអនាគតកុមារទាំងនេះ។

ជាមួយគ្នានោះ លោកជំទាវក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ការលាងសម្អាតដៃជាមួយសាប៊ូ ត្រូវរៀបរយផ្ទះសម្បែងឱ្យបានល្អ ខោអាវបោកគក់ឱ្យបានស្អាត ចេះស្រឡាញ់គ្នា ជួយយកអាសារគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រដល់ចប់ថ្នាក់វិទ្យាល័យឬបន្តថ្នាក់ឧត្តមសិក្សា ធ្វើជាកូនល្អ សិស្សល្អ ជាពលរដ្ឋល្អ មានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់បម្រើសង្គមជាតិ។ ទន្ទឹមនឹងនោះ ត្រូវបរិភោគអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដែលចម្អិនដោយផ្ទះបាយផ្ទាល់ ការហូបចុកឱ្យមានអនាម័យ ចៀសវាងអាហារដែលប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ប្រភេទអាហារ គ្រឿងភេសជ្ជៈកំប៉ុង និងត្រូវនិយាយថាអត់គ្រឿងញៀន និងគ្រឿងស្រវឹង។ សូមចៅៗទាំងអស់គ្នាត្រូវប្រាប់បន្តដល់ឪពុកម្តាយ បងប្អូនដែលរស់នៅជាមួយ មិត្តភក្តិនៅក្នុងសាលា អ្នកស្គាល់ អំពីបញ្ហាសុខភាពដូចជា មិនប្រៃ មិនខ្លាញ់ មិនផ្អែម មិនគ្រឿងស្រវឹង និងមិនគ្រឿងញៀន និងជូនពរចៅៗទាំងអស់មានសុខភាពល្អ រៀនពូកែ និងសុខសប្បាយទាំងអស់គ្នា។

សូមបញ្ជាក់ថា នេះជាលើកទី៥ហើយដែលកាកបាទក្រហមកម្ពុជាបានផ្តល់អំណោយជូនអង្គការផ្ទះបាយកុមារ ដែលអំណោយនាពេលនេះ រួមមាន អង្ករ ៣តោន អង្ករសុខភាព២០កេស មី១០កេស ត្រីខ៥កេស ប្រេងឆា៥ធុង ស្ករស១០០គីឡូក្រាម ទឹកដោះគោខាប់៥កេស ប្រេងខ្យង៥កេស ប៊ីចេង ២០គីឡូក្រាម ទឹកម្ទេស៦០ដប ម្រេច១០កញ្ចប់ ខ្ទឹមស៣០គីឡូក្រាម ពងទា៦០០គ្រាប់ សាច់ក្រក ១០គីឡូក្រាម ម្សៅសាប៊ូ៥០គីឡូក្រាម សាប៊ូដុំ២៥០ដុំ ច្រាស់ដុសធ្មេញ២៥០ដើម ថ្នាំដុសធ្មេញ ២៥០ទីប និងថវិកា ១០.០០០.០០០រៀល។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជាបានផ្តល់អាហារ គុយទាវ និងទឹកដោះគោ និងទឹកបរិសុទ្ធ ជូនដល់កុមារផងដែរ ដោយស្បៀង និងសម្ភារដែលជាអំណោយរបស់សប្បុរសជននានាតាមរយៈកាកបាទក្រហមកម្ពុជា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





