រដ្ឋបាលព្រៃឈើ បង្ហាញម៉ាស៊ីនថតស្វ័យប្រវត្តិ ថតជាប់សត្វព្រៃជាច្រើនប្រភេទ នៅស្រុកគាស់ក្រឡ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋបាលព្រៃឈើ មៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញម៉ាស៊ីនថតស្វ័យប្រវត្តិ ថតជាប់សត្វព្រៃជាច្រើនប្រភេទ ពីរទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្ភភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់នៅភ្នំអូរទ្រូងអណ្ដើក បានថតជាប់វត្តមានសត្វព្រៃសំខាន់ៗមួយចំនួនដូចជា សត្វទន្សោងប្រមាណ ១០ក្បាល សត្វក្ងោក ២ក្បាល សត្វកាំប្រម៉ា ២ក្បាល សត្វឈ្លូស ១ក្បាល និងហ្វូងសត្វជ្រូកព្រៃប្រមាណជា ៣០ក្បាល។

ដោយឡែក នៅតំបន់ភ្នំស្អាងនំ បានថតជាប់វត្តមានសត្វទន្សោង ៣ក្បាល និងហ្វូងសត្វជ្រូកព្រៃប្រមាណ ២០ក្បាល ព្រមទាំងវត្តមានប្រភេទសត្វព្រៃផ្សេងៗទៀតដូចជា ឈ្លូស ស្វាក្ដាម ស្វាព្រាម សំពោច ក្ងោក អកភ្នំ ជាដើម ។


សូមបញ្ជាក់ថា ការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤គ្រឿង ដែលបំពាក់រយៈពេល១ខែ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយរដ្ឋបាលព្រៃឈើ នៅពីរទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្ភភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងនោះ ៣គ្រឿង បានបំពាក់នៅភូមិសាស្ត្រភ្នំអូរទ្រូងអណ្ដើក និង១គ្រឿងទៀតដាក់នៅភ្នំស្អាងនំ ជាប់មាត់ស្រះជីកដែលសត្វព្រៃតែងតែចុះផឹកទឹក ៕


ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលព្រៃឈើ)





