ក្នុងខែឧសភានេះអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹង៥៤ និងមន្រ្តីប្រកាសទ្រព្យសម្បត្តិសរុប១១៥រូប
AKP ភ្នំពេញ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥--
ក្នុងខែ ឧសភា ឆ្នាំ ២០២៥នេះមានពាក្យប្តឹងសរុបចំនួន៥៤ ក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ និងចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ មានមន្រ្តីសរុប១១៥រូប។នេះបើយោងតាមការលើកឡើងពីសំណាក់ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុរលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែឧសភា សរុបចំនួន ៥៨ ពាក្យប្ដឹង និងក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ មន្ត្រីចំនួន ១១៥ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៩ រូប ។ដោយឡែកមន្ត្រី ០២ រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ២៤ រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។

ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា៖ក្នុងខែឧសភានេះដែរអង្គភាពប្រឆាំងអំពើពុករលួយបាន ចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៤៧ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៤៥ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។


ឯកឧត្តម សយ ច័ន្ទ វិចិត្រ បានឱ្យដឹងដែរថា៖ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ការប្រឡងចំនួន៣ លើកក្នុងដូចជា ការប្រឡងថ្នាក់ជាតិ ជ្រើសរើស និស្សិត ចូលសិក្សាថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ,ការប្រឡងជ្រើសរើសមន្ត្រី រាជការ ឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ដែល បានរៀបចំដោយក្រសួងមុខងារសាធារណៈ និងការប្រឡងជ្រើសរើសបេក្ខជនចូលសិក្សា វិជ្ជាជីវៈមេធាវីជំនាន់ ទី២០ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាបើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា ក្នុងករណីដោយឡែក
មួយទៀតគឺការប្រឡងចូលធ្វើជាមេធាវីជំនាន់ទី២០ ចំនួន ៤០នាក់លើអ្នកដាក់ពាក្យចំនួន ៦២១នាក់ (ស្រី ២៤០)ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួម ដែរនោះឃើញថាអ្នកដាក់ពាក្យ១រូប ឈ្មោះលោក យិន ហេង ហៅចំប៉ីខ្មៅ ត្រូវបានបដិសេធន៍ មិនទទួលឱ្យចូលប្រឡង។

ជុំវិញបញ្ហាករណីលោក យិន ហេង ហៅចំប៉ីខ្មៅ ដែលមិនទទួលឲ្យចុះឈ្មោះ ជាបេក្ខជនចូលប្រឡងនេះត្រូវបានពន្យល់ថាដោយសារតែមិនអាចបំពេញ តាមលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់ពាក្យប្រឡង។ក្នុងនេះតាមលក្ខខណ្ឌបានកំណត់ច្បាស់៥ចំណុចសំខាន់ៗគឺ៖ទី១. ត្រូវមានសញ្ជាតិខ្មែរ,ទី២. ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូលក្នុងនេះដូចជាត្រូវមានសញ្ជាតិខ្មែរ, ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល,មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ឬផ្តន្ទាទោសបទរដ្ឋបាល ឬឧក្រិដ្ឋ ឬបទវិន ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ស ឬអំពើមិនស្អាតស្អំ, មិនត្រូវមានធនក្ស័យផ្ទាលនិងត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ,ទី៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ កា ន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ឬឧក្រិដ្ឋ ឬបទវិន ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ស ឬអំពើមិនស្អាតស្អំ,ទី៤. មិនត្រូវមានធនក្ស័យផ្ទាល និងទី៥. ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ។
ហេតុនេះចំពោះករណីលោកយិន ហេង ហៅចំប៉ីខ្មៅ មិនអាចបំពេញលក្ខណសម្បត្តិមួយចំនួន ជាពិសេសលើច្រើនចំណុច នៃចំណុចទី៣ឈ្មោះនេះមានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារទៀតផង៕
ដោយ៖មករា





