តំបន់គ្រប់គ្រងជលផលសមុទ្រនៅខេត្តកែបជួយរក្សាកំណើនមច្ឆជាតិ និងការពារបរិស្ថានសមុទ្រ
AKP កែប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
មន្ត្រីជំនាញខេត្តកែបបានលើកឡើងថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិរបស់សម្តេចតេជោ រហូតមកដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងធនធានធម្មជាតិ។ ជាក់ស្តែងការបង្កើតតំបន់គ្រប់គ្រងជផលផលសមុទ្រខេត្តកែបដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានជួយរក្សាកំណើនមច្ឆជាតិ ជីវៈចម្រុះ និងបរិស្ថានសមុទ្រកាន់តែប្រសើរ។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ថា ផលនេសាទសមុទ្រខេត្តកែបមានភាពល្អប្រសើរឡើង បន្ទាប់ពីតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដើម្បីការពារអភិរក្ស និងប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំទីតាំង និងការនេសាទឱ្យមានរបៀបរៀបរយ ប៉ុន្តែមិនមែនជាការរឹតបន្តឹងការនេសាទនោះទេ។
លោកប្រធានមន្ទីរបានបន្តថា តំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយខេត្តកែប មានផ្ទៃក្រឡាសរុប១១ ៣០៧ ដោយចែកជា៤ផ្នែក៖ ១- កន្លែងអភិរក្សជលផល៖សម្រាប់វារីសត្វ ឬរុក្ខជាតិជ្រកពូន ពង កូន រីកធំធាត់ ឬរីកលូតលាស់ ហើយពុំអាចអនុញ្ញាតឲ្យប្រព្រឹត្តសកម្មភាពគ្រប់ប្រភេទដែលនាំឲ្យមានផលប៉ះពាល់ដល់ធនធានជលផលបានឡើយ។ ២- កន្លែងការពារធនធានជលផល៖នៅក្បែរកន្លែងអភិរក្សជលផល មុខងារជាសំខាន់ជួយគាំទ្រដល់កន្លែងអភិរក្សជលផល។ ទីនេះអាចនេសាទជាគ្រួសារ និងសិប្បកម្មដែលពុំបំផ្លាញដល់ធនធានជលផល និងជីវចម្រុះ។ ៣- ដែនជម្រកសុវត្ថិភាពជលផល៖ សម្រាប់ការពារប្រភេទវារីសត្វមួយ ឬច្រើនក្នុងដំណាក់កាលនៃវដ្តជីវិតពិសេសរបស់វា។ការនេសាទត្រូវបានហាមឃាត់ក្នុងរដូវកាលជាក់លាក់ណាមួយ បន្ទាប់មកអាចនេសាទបានជាធម្មតា និងទី៤- កន្លែងស្រាវជ្រាវវិទ្យាសាស្ត្រ និងអេកូទេសចរណ៍បាតសមុទ្រ៖ ជាកន្លែងមានមុខងារសំខាន់សម្រាប់បម្រើឱ្យសកម្មភាពកម្សាន្ត និងការពារប្រភពធនធានជីវចម្រុះ។ កន្លែងនេះអនុញ្ញាតសម្រាប់តែការមុជទឹកកម្សាន្តមើលផ្កាថ្ម និងធនធានផលផល និងការប្រមូលព័ត៌មានវិទ្យាសាស្ត្រ និងតាមដានបម្រែបម្រួលធនធានជលផលប៉ុណ្ណោះ។

ដោយមានការចូលរួមសហការពីអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងអង្គការដៃនានាផង ការងារគ្រប់គ្រងជលផលសមុទ្រនៅខេត្តកែបមានភាពល្អប្រសើរ ហើយបូករួមទាំងកិច្ចខិតខំរបស់សហគមន៍នេសាទាំង៥ និងការយល់ដឹងរបស់ប្រជានេសាទកាន់តែច្រើន ធ្វើសន្ទុះនៃប្រមូលមច្ឆាមានការកើនឡើង ខណៈដែលទេសចរណ៍នៅតំបន់ប្រជុំកោះក៏កាន់តែមានដំណើរការល្អផងដែរ។ លោកប្រធានមន្ទីរបានស្នើដល់គ្រប់ភាគី បន្តអនុវត្តឱ្យកាន់ប្រសើរថែមទៀត ដើម្បីរក្សាធនធានធម្មជាតិតកូនតចៅ។

លោក ទូច ភ័ក ប្រជានេសាទរស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបង្ហាញការគាំទ្រចំពោះការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ពិសេសគាំទ្រដល់ការចង្អុលបង្ហាញ ដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដើម្បីរក្សាធនធានជលផល និងលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចគ្រួសារពលរដ្ឋ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នលោកមិនប្រើឧបករណ៍នេសាទខុសច្បាប់នោះទេ ពិសេសបានប្តូរពីការនេសាទដោយប្រើទូកអូស មកប្រើមងវិញ។ ការនេសាទទទួលបានផលច្រើនគួរសមដែរ គិតជាមធ្យមក្នុងមួយថ្ងៃបានត្រីជាង២០គីឡូដែរ។ លោកបានស្នើដល់អ្នកនេសាទផ្សេងទៀត ឱ្យចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវកំណើនផលនេសាទប្រកបដោយចីរភាព៕
ដោយ ប្រាក់ លាង





