ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងរបស់លោក ធន់ សារី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ជំនួសលោក យន់ សារ៉ោម ដែលបានស្នើសុំលាឈប់ពីប្រធានមន្ទីរ ដើម្បីមកទទួលភារកិច្ចថ្មី នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សរុបប្រមាណ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់អនុក្រឹត្យ និងត្រារបស់មន្ទីរជូនលោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មីខេត្តមណ្ឌលគិរី ហើយលោកប្រធានមន្ទីរថ្មីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។ លោកបានប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត បំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត។

បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរួចមក ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មានសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់អង្គពិធី និងធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ដ្រ ប្រជាសាស្ដ្រ សេដ្ឋកិច្ច និងសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យដែលរដ្ឋបាលខេត្តសម្រេចបានគួរឱ្យកត់សម្គាល់ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សនៃកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។
បន្ទាប់ពីបានស្ដាប់នូវការប្ដេជ្ញាចិត្ត និងសុន្ទរកថាស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធនានាដែលរដ្ឋបាលរដ្ឋបាលខេត្តសម្រេចបាន និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ លោក យន់ សារ៉ោម អតីតប្រធានមន្ទីរ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដែលសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ និងមាននិរន្តរភាព ស្របតាមនិន្នាការ នយោបាយ សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា តាមរយៈការដាក់ចេញនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គី មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅ សម្រេចឱ្យបាននូវចក្ខុវិស័យ“កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។

ជាមួយគ្នានោះដែរ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងបន្តអនុវត្តតួនាទី និងភាកិច្ចយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានធ្វើការផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ដើម្បីជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពដូចជា៖ ១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាពដោយមានចក្ខុវិស័យ គោលដៅ យុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួនាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ២. ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព ប្រកដោយឆន្ទៈមោះមុត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”។ ៣. ត្រូវចេះលើកចិត្តដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍ របស់បុគ្គលជាចម្បង។ ៤. ត្រូវក្តាប់ឱ្យបាននូវទិន្នន័យប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ។ ៥. ខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ជាសហថាមពល ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទនៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ។ ៦. ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានា ជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយអនុវត្តជាអ្នកបម្រើដ៏ល្អរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ។ ៧. ត្រូវថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាពរបស់អង្គភាពសំដៅឆ្លើយតបនឹងភារកិច្ចដែលគណៈបញ្ជាការខេត្ត ក៏ដូចជាក្រសួងប្រគល់ជូន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





