ក្រុមគ្រូពេទ្យ និងគ្រូបង្រៀនខេត្តកំពតលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
AKP កំពត ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដើម្បីជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា មិនទាន់បានបើកជាផ្លូវការក៏ពិតមែន ប៉ុន្តែមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស និយាយដោយឡែកខេត្តកំពតបានចូលរួមជាបណ្តើរៗហើយក្នុងនោះក្រុមគ្រូពេទ្យ និងគ្រូបង្រៀនបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាព និងជួយសង្គ្រោះដល់កុមារកម្ពុជា។

ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព អ៊ីទួនស៊ាង ជុំគ្រៀល បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថា ពួកគាត់បានទទួលព័ត៌មានអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជាហើយ បុគ្គលិកមណ្ឌលសុខាភាពទាំងអស់ក៏បានចូលរួមបរិច្ចាគតាមរយៈQR Code រួចរាល់ហើយដែរ។ ពួកគាត់យល់ថា ការចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ពិតជាសំខាន់ និងតម្លៃបំផុត ដែលមាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋគួរចូលរួម ដើម្បីជួយលើកកម្ពស់ដល់សុខភាព និងអាយុជីវិតទារក និងកុមារក្រីក្រ ដែលបាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ចំណែកគ្រូបង្រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ម៉ារីកូ ជុំគ្រៀល លោកស្រី ម៉ៅ សោភ័ណ បានឱ្យដឹងដែរថា គាត់បានចូលរួមបរិច្ចាគថវិការួចហើយ និងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះយល់ថា បានរួមចំណែកលើកកម្ពស់ដល់សុខភាពទារក និងកុមារដែលកំពុងត្រូវការ ការជួយសង្ក្រោះជាចាំបាច់ នៅឯមន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕
ដោយ ប្រាក់ លាង





