ក្រសួងព័ត៌មាន បើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ ដែលរួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។របស់ក្រសួងព័ត៌មាន។
សិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣ គឺមានភាពចាំបាច់ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងព័ត៌មាន បានយល់ច្បាស់ពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា នៅពេលដែលថ្នាក់ដឹកនាំក្រសួង បានក្តាប់ជាប់នូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងច្បាស់ណាស់នឹងធ្វើឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដំណើរការដោយរលូន ស័ក្តិសមជាក្រសួងដែលទទួលខុសត្រូវលើមុខងារគាំទ្រលើវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសនៅក្នុងដំណាក់កាលរីកម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័នទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការកំណែទម្រង់ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ចៀសជាងពង្រីកមុខងារជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ដំណើរនៃការវិវត្តទៅមុខរបស់ក្រសួងព័ត៌មាន គឺពឹងអាស្រ័យទៅលើស្ពឺទាំងអស់ នៃដំណើរការរួម ពោលគឺស្ពឺថ្នាក់ដឹកនាំ ស្ពឺអគ្គនាយកដ្ឋាន នាយកដ្ឋាន ប្រធានមន្ទីរ រាជធានី ខេត្ត រួមទាំងនឹងការិយាល័យចំណុះទាំងអស់ ដែលត្រូវដើរក្នុងចង្វាក់តែមួយ ដើម្បីធ្វើឱ្យកំណែទម្រង់របស់ក្រសួងដើរទៅមុខដោយមិនរអាក់រអួល។ ដូច្នេះ ចំពោះដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន គឺត្រូវពឹងអាស្រ័យលើការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់អគ្គនាយកដ្ឋានទាំង៥ ដែលមានជំនាញផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅរបស់ក្រសួងបន្តដំណើរដោយស្វាហាប់ នៅក្នុងដំណាក់កាលវិវត្តន៍ជាសកលនេះ។
សូមជម្រាបជូនថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសា ធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។

ជាមួយគ្នានេះ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





