ក្រសួងយុត្តិធម៌ និង JICA ពិភាក្សាលើលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំពិភាក្សាការងាររួមគ្នាមួយ ជាមួយតំណាងក្រសួងយុត្តិធម៌ជប៉ុន និងតំណាងស្នាក់ការកណ្តាលនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិនិត្យលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ សម្រាប់ពេលអនាគត។


បើតាមក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥នេះថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីលទ្ធផលការងារដែលត្រូវបានអនុវត្តនៅក្នុងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នាពេលកន្លងមក គម្រោងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងសកម្មភាពដែលអាចនឹងបន្តអនុវត្តនៅក្នុងគម្រោងនាពលអនាគត រួមមានសកម្មភាពសំខាន់ៗដូចជា៖ ១. ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសក្នុងការរៀបចំសេចក្តីព្រាងវិសោធនកម្មក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ២. ការពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យយុត្តិធម៌ និង៣. ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។


សូមជម្រាបជូនថា កិច្ចប្រជុំនេះទទួលបានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ជាច្រើនរូប និងមន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃក្រសួងយុត្តិធម៌ជប៉ុន ការិយាល័យ JICA ប្រចាំនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌៕
ដោយ៖ ដេប៉ូ





