ឯកឧត្តម ប៊ិន ត្រឈៃ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងផែនការ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនៃប្រទេសទាំងពីរ ជាពិសេសក្រសួងផែនការ ដោយផ្តោតលើការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រទេសឥណ្ឌាបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង។


ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាលើតម្រូវការបណ្តុះបណ្តាលធនធានមនុស្សជាក់ស្តែងលម្អិត ដោយភាគីឥណ្ឌានឹងពិនិត្យដើម្បីផ្តល់ការគាំទ្របន្ថែមលើការបណ្តុះបណ្តាលផ្នែកវិភាគទិន្នន័យ ការប្រើប្រាស់ទិន្នន័យ Digital Skill Professional Skill ដល់ក្រសួងផែនការ ជាពិសេសដើម្បីគាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ ក្នុងការធ្វើទំនើបកម្មការងារធ្វើជំរឿន អង្កេត តាមរយៈមធ្យោបាយឌីជីថល៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





