ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក Kento Hijikawa លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Sanui Kazumasa តំណាងអង្គការ JICA ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារដំឡើងទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានចំនួន ៥ទ្វារ ខណៈសំណង់ទ្វារទឹកចាស់បានសាងសង់ឡើងក្នុងឆ្នាំ១៩៧៤ ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពការងារ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា អ្នកទទួលផលចំនួន ៧៩២៥គ្រួសារ ស្មើនឹង ៤៤១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី២,២០តោន ទៅ ៣,៨០ តោនក្នុងហិកតា។


ហើយចែកចេញជាពីរអនុគម្រោង៖ ទី១. អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ការងារសំខាន់ៗរួមមាន៖ ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ ទី៣ សរុប ៤៧ខ្សែ ប្រវែង ២២,១គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង និងទី២. អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ការងារសំខាន់ៗរួមមាន៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕
ដោយ លឹម សាន្ត





