ពិធីបិទផ្សាយឯកសារការវិនិច្ឆ័យការចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋ០៤ភូមិ ក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
ភូមិចំនួន០៤ គឺភូមិដើមពោធិ៍ ភូមិព្រែកភូមិ ភូមិព្រែកតាទៀង និងភូមិព្រែកតាសេក សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ដែលមានក្បាលដីចំនួន៣ ២៧៥ក្បាលដី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ មកពិនិត្យភាពត្រឹមត្រូវ ពិតប្រាកដ មុននឹងចេញបណ្ណកម្មសិទ្ធជូន។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថា ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិត ប្រាកដលើដីរបស់ខ្លួន ចៀសវាងខុសឆ្គងដោយប្រការណាមួយ។ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះ ដូច្នេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមមកពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការ រដ្ឋបាល ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។ អាជ្ញាធររដ្ឋបាលដីធ្លីខេត្តបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដីដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

ជាមួយគ្នានេះដែរ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ផងដែរថា គោលបំណងដ៏សំខាន់នៃការបិទផ្សាយជាសាធារណៈ គឺដើម្បីធានាបាននូវទិន្នន័យឱ្យមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសឱ្យបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នក កាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃ ចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅ ក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ សម្រាប់ក្រុងសំពៅពូន បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន១៨លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៤ភូមិ គឺភូមិដើមពោធិ៍ ភូមិព្រែកភូមិ ភូមិព្រែកតាទៀង និងភូមិព្រែកតាសេក សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន សរុបមានចំនួន ៣ ២៧៥ ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





